(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលបានថ្លែងថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ នៅក្នុងពិភពលោករួមមាន បុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះលោកក៏បានគូសបញ្ជាក់ អំពីជោគជ័យនៅក្នុងការរក្សាសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសុខុមាលភាពសង្គម និងជាពិសេសជោគជ័យក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដែលកម្ពុជាធ្វើឲ្យសម្រេចបាន ផងដែរ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួល មូលនិធិសកល ក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំលើកទី២ នៃយន្តការសម្របសម្រួល មូលនិធិសកលសម្រាប់មណ្ឌល តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច នៅសណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប នាព្រឹកថ្ងៃ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងរដ្ឋបាលខេត្តសៀមរាប ប្រតិភូយន្តការ សម្របសម្រួលមូលនិធិសកល មកពីប្រទេសនានាចំនួន១៥។ ក្នុងនោះ មន្រ្តីពីមូលនិធិសកល និងអង្គការសុខភាពពិភពលោក ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
បន្ទាប់ពីចំណាប់អារម្មណ៍ ស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបរួចមក លោកទេសរដ្ឋមន្រ្តីបានថ្លែង បើកកិច្ចប្រជុំ ដោយគូសបញ្ជាក់ អំពីជោគជ័យនៅក្នុងការរក្សាសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសុខុមាលភាពសង្គម និងជាពិសេសជោគជ័យក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដែលកម្ពុជាធ្វើឲ្យសម្រេចបាន។ លោកថ្លែងបន្តថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ នៅក្នុងពិភពលោករួមមាន បុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ប្រទេសទាំង៧នេះ ត្រូវបានអង្គការ យូអិនអេដស៍ ទទួលស្គាល់ថា បានសម្រេចរួចហើយគោល ដៅ៩០-៩០-៩០។
លោកទេសរដ្ឋមន្រ្តីបានបន្តថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតទាប នៅក្នុងដំណាក់កាល កាត់បន្ថយជំនួយបានធ្វើឲ្យកម្ពុជា មានការលំបាកក្នុងការលុបបំបាត់ជំងឺទាំងនោះ។ នៅពេលមូលនិធិអន្តរជាតិ បានបន្តធ្លាក់ចុះ រាជរដ្ឋាភិបាលកម្ពុជា បានចូលមកទទួលខុសត្រូវជំនួស។ រយៈពេល៣ឆ្នាំ កន្លងទៅ រាជរដ្ឋាភិបាលបានរួម ចំណែកថវិកាចំនួន៤លានដុល្លារក្នុងមួយឆ្នាំៗ និងចោះក្រវិល ថវិកាប្រមាណ៥លានដុល្លារ ជាថវិកាបដិភាគ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ទៅក្នុងកម្មវិធីមូលនិធិសកល ដើម្បីទិញឱសថប្រឆាំងមេរោគអេដស៍ ជួលមន្រ្តីជាប់កិច្ចសន្យា និងផ្តល់ថវិកាទ្រទ្រង់ កម្មវិធីនៅថ្នាក់ក្រោមជាតិ។
យ៉ាងណាមិញ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗដូចតទៅ៖
១៖ ធ្វើជាវេទិកាដើម្បីពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានទាំងឡាយ ដែលអាចឱ្យការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកមណ្ឌលតំណាង ក្នុងក្រុមប្រឹក្សាភិបាល របស់មូលនិធិសកល ប្រកបដោយការយល់ដឹង និងមានសារៈសំខាន់។
២៖ ស្វែងរកចំណុចដែលមានបញ្ហា និងការឆ្លើយតបបានទូលំទូលាយ ដែលអាចដាក់ជូនសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាល របស់មូលនិធិសកល។
៣៖ ពង្រឹងសហគមន៍មណ្ឌលតំណាងតំបន់ ដោយគោរពតាមនីតិវិធី ឬបទបញ្ជាដែលបានព្រមព្រៀងគ្នា រាប់ទាំងការប្រជុំសមាជិក ជាមួយដៃគូដោយទៀងទាត់ តាមរបៀបដែលអាចធ្វើបាន និងកែលម្អជានិច្ច។
ជាមួយគ្នានោះ កិច្ចប្រជុំក៏នឹងអនុម័ត សមាសភាពថ្នាក់ដឹកនាំថ្មី នៃមណ្ឌលតំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
សូមបញ្ជាក់ថា ប្រទេសទាំង១៥ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ១)កម្ពុជា, ២)កោះឃុក, ៣)ហ្វ៊ីជី, ៤)មីក្រូណេស៊ី, ៥)គិរីបាទី, ៦)ឡាវ, ៧)ម៉ាឡេស៊ី, ៨)ណូរូ, ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ, ១០)ហ្វីលីពីន, ១១)សាម័រ, ១២)សិង្ហបុរី, ១៣)កោះសូឡូម៉ុង, ១៤)វ៉ានូទូ និង១៥) វៀតណាម៕