(ក្រចេះ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានបិទក្រុមហ៊ុនដឹកជញ្ជូនណា ដែលនៅតែគឃ្លើនមិនគោរពច្បាប់ ជាក់ស្ដែងក្រុមហ៊ុនណា ដែលនៅតែបន្ដដឹកទំនិញលើសទម្ងន់ និងប្រាប់មន្ដ្រីឲ្យត្រូវប្រើយន្តការច្បាប់ រកឲ្យឃើញប្រភពក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះ។
ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសលោក អមដំណើរដោយលោក ធុន គ្រី អនុប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ ចំរុង អភិបាលខេត្តក្រចេះ បានចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក និងកម្មករទាំងអស់ បម្រើការងារក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងពីការត្រួតពិនិត្យយានយន្តផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃខុសលក្ខណៈ បច្ចេកទេសយានយន្ត ត្រូវតែបន្តអនុវត្តឲ្យបានជាប្រចាំ និងម៉ឺងម៉ាត់បំផុតព្រោះថា បើរថយន្តតែមួយគ្រឿងដឹកលើសទម្ងន់ កម្រិតកំណត់២០តោន គឺស្មើនឹងរថយន្ត ១៦០,០០០គ្រឿង ធ្វើចរាចរនៅលើផ្លូវនោះ ដែលធ្វើឲ្យផ្លូវឆាប់ទ្រុឌទ្រោម និងដូចខាត និងធ្វើឲ្យខាតបង់ថវិកាជាតិ រាប់រយលានដុល្លារ សម្រាប់ជួសជុលផ្លូវឡើងវិញក្នុងមួយឆ្នាំៗ។
លើសពីនេះទៅទៀត លោក ស៊ុន ចាន់ថុល បានបង្ហាញពីគម្រោងថ្មីៗ ដែលត្រូវអនុវត្តបន្ត រួមមាន៖ ការសាងសង់ស្ពានបេតុង៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣, ការពង្រីផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៣ ពី២គន្លងទៅ៤គន្លង ផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ, ការពង្រីកកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ការពង្រីកការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក ការសិក្សាគម្រោងសាងសង់ផ្លូវជាតិពីបាត់ដំបង ទៅខេត្តកោះកុង និងគម្រោងផ្សេងៗទៀតជាច្រើន។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់ រួបរួមសាគ្គីសហការគ្នាឲ្យបានរឹងមាំ ហើយសូមកុំឲ្យមានការបែងចែកជាក្រុម ជាបក្ខពួក ពោលគឺមានតែក្រុមមួយគត់គឺ ក្រុមមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរួមគ្នាកសាងជាតិមាតុភូមិឲ្យមានការរីកចម្រើន តាមក្ដីស្រម៉ៃរបស់យើងម្នាក់ៗ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍ក្នុងសកលលោក។ ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកា ដល់មន្រ្តីសាធារណការ និងកម្មករចំនួន១២០នាក់ ក្នុងម្នាក់ ចំនួន៤០,០០០រៀល ផងដែរ។
សូមជម្រាបថា ក្នុងឱកាសនោះ លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដកជញ្ជូនខេត្តក្រចេះ វិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ដែលមន្ទីរខេត្តសម្រេចបានក្នុងឆ្នាំ២០១៧ និងគម្រោងដែលមន្ទីរបានទទួលក្នុងឆ្នាំ២០១៨។ ដោយឡែកការងារផ្ដល់សេវាលើវិស័យដឹកជញ្ជូន លោកប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរអនុវត្តន៍តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានភាពងាយស្រួល និងមានតម្លាភាពសម្រេចបានការចុះបញ្ជីយានយន្តសរុបបានចំនួន ៥,២៦៨គ្រឿង ក្នុងនោះរថយន្តចំនួន១៨៤គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសរុប ១,៧៣៥គ្រឿង ផ្ដល់លិខិតអនុញ្ញាតិឲ្យយានយន្ត ធ្វើអាជីវកម្មសរុប ១,១៨៣គ្រឿង និងផ្ដល់ប័ណ្ណបើកបរយានយន្តសរុបចំនួន ៤,៦៥៨ប័ណ្ណ៕