(ភ្នំពេញ)៖ ខណៈដែលតុលាការក្រុងភ្នំពេញ គ្រោងប្រកាសសាលក្រម សំណុំរឿងចំនួន២ដាច់ ដោយឡែកពីគ្នា ដោយមានជនជាប់ចោទម្នាក់ឈ្មោះ ស៊ុន សៀង មានតួនាទី ជាអតីតមន្ត្រីយោធា និងម្នាក់ទៀតឈ្មោះ ហេង សាន ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនោះ ក្រុមពលរដ្ឋ អាជ្ញាធរមូលដ្ឋាន នៅខេត្តកំពត និងដើមបណ្ដឹងផង បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះ តុលាការថា នឹងអាចផ្តល់យុត្តិធម៌ ឲ្យពួកគាត់ជាជនរងគ្រោះបាន ពោលគឺនឹងផ្តន្ទាទោស ជនជាប់ចោទ ទាំង២នាក់ខាងលើ ឲ្យសាកសមនឹងទង្វើដែលពួកគេបាន ក្លែងស្នាមមេដៃ ពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរដែនដី ដើម្បីរៀបចំឯកសារទិញលក់ដីក្លែងក្លាយ ដើរបោកប្រាស់គេយកប្រាក់។
លោក ចែ សុង ជាតំណាងអយ្យការ នៃសវនាការបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោកប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសវនាការនាព្រឹកមិញនេះ ជនជាប់ចោទទាំង២នាក់ បានបដិសេធ ថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តុលាការនោះទេ។
ពួកគេបានឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ។ យោងតាមអំណានបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ណុប ម៉ូវ ភេទស្រី មានប្តីឈ្មោះឃឹម សុខ នៅអំឡុង២០១៣ បានស្គាល់ក្រុមជនជាប់ចោទទាំង២នាក់ខាងលើ ដែលជាអ្នករកស៊ីនៅ ខេត្តកំពត ដោយមានការទុកចិត្ត ដោយការជឿទុកចិត្តទើបប្រគល់លុយកក់ចំនួន ៥ម៉ឺនដុល្លារ ឲ្យទៅជួយរកទិញដីចំនួន៦០០០ហិកតា ពីប្រជាពលរដ្ឋនៅខេត្តកំពតឲ្យក្រុមហ៊ុនកូរ៉េមួយ។ ក្រោយមកទៀត ដើមបណ្តឹង បានប្រគល់ប្រាក់ចំនួន៧៥ម៉ឺនដុល្លារទៀត ទៅឲ្យក្រុមជនជាប់ចោទ ជួយទិញដីចំនួន២០០៥ហិកតាបន្ថែម។
ប៉ុន្តែក្រោយពីបានទទួលលុយរួច ក្រុមជនជាប់ចោទ បានត្រឹមតែ ប្រគល់ប្លង់ដីក្លែងក្លាយ និងគ្មានដីពិតប្រាកក់ឲ្យដើមបណ្តឹងនោះទេ រួចក៏រត់គេខ្លួនបាត់ស្រមោល ទើបដើមបណ្តឹងបានសម្រេចដាក់ពាក្យប្តឹង នៅខេត្តកំពត និងខេត្តកណ្តាល តែតុលាការ មិនបានរកយុត្តិធម៌ឲ្យបាន ក៏បន្តប្តឹងឲ្យតុលាការក្រុងភ្នំពេញជួយរកយុត្តិធម៌ រហូតចាប់ខ្លួន ក្រុមជនជាប់ចោទបាន យកមកផ្តន្ទាទោសតាមច្បាប់តែម្តង។ ដើមបណ្តឹងបានសម្តែងក្តីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ឲ្យពួកគាត់ជាជនងគ្រោះ និងផ្តន្ទាទោសជនជាប់ចោទ ឲ្យសមតាមអំពើដែលពួកគេបានប្រព្រឹត្ត។
ដើមបណ្តឹងបានទាមប្រាក់ដើមដែលបាត់បង់ ទាំង២លើក សរុប ៨០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត សរុបចំនួន ៣លាន ៥ពាន់ដុល្លារ ពីក្រុមជនជាប់ចោទ។
យោងតាមប្រភពពីមន្ត្រីសាលាដំបូងបានឱ្យដឹងថា សំណុំរឿងនេះ កំពុងមានអ្នករត់ការ ជួយសម្របសម្រួលឱ្យតុលាការបន្ធូយបន្ថយទោសដោយ ជួយកាត់តម្រឹម ដោយអនុវត្តទោសក្នុងពន្ធនាគារលើ ជនជាប់ចោទទាំងពីរនាក់ ត្រឹមថ្ងៃប្រកាសសាលក្រម តែប៉ុណ្ណោះ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានសម្រេចដកបេក្ខភាពជនជាប់ចោទឈ្មោះ ហេង សាន ពីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយដាក់បេក្ខភាពថ្មីជំនួសវិញ។
សូមជម្រាបជូនថា ជនជាប់ចោទ ស៊ុន សៀង ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងជនជាប់ចោទ ហេង សាន ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ២រូប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន២ ក្នុងសំណុំរឿងពីរផ្សេងៗគ្នា រួមមាន៖
*ទី១៖ ដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទទាំង២នាក់ ពីបទ «ឆបោក» ប្រាក់កក់ថ្លៃដីចំនួន៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោកនេះ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។
*ទី២៖ ដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ជនត្រូវចោទទាំង២នាក់ ខាងលើពីបទ «ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក» ដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋជាង១០០នាក់ថា ជាម្ចាស់ដីនៅខេត្តកំពតចំនួន៦០០០ហិកតា និងប្រើតួនាទីជាយោធា ដើម្បីទៅលក់ដីខ្យល់នោះ ទៅឱ្យជនរងគ្រោះ បោកប្រាស់យកលុយ ប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមបទចោទ ឆបោក ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។ ចំណែកបទចោទ ក្លែងបន្លំ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងបទ ប្រើប្រាស់លិខិតក្លែង ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ ផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទទាំង២នាក់ ខាងលើនេះ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងដីកាបង្គាប់ឱ្យនាំខ្លួនចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន៥០,០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕