(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង តុង ឈុងឡុង បានអនុញ្ញាតឲ្យជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ដែលពាក់ព័ន្ធករណីក្លែងបន្លំឯកសារប្លង់ដី អ្នកដទៃយកទៅលក់បន្ត ត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយពុំមានការចោទប្រកាន់នោះឡើយ។ នេះបើយោងតាម មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការនៅរសៀល២៥ ខែមេសា ឆ្នាំ២០១៨នេះ។
ជនសង្ស័យដែលត្រូវលោក តុប ឈុនឡុង អនុញ្ញាតឲ្យត្រឡប់ទៅវិញនោះ គឺជាប្តីប្រពន្ធនឹងគ្នា ទី១៖ឈ្មោះ ណម ង៉ែត អាយុ៤៩ឆ្នាំជាប្រពន្ធ និងទី២៖ឈ្មោះ ព្រំ ខន អាយុ៦៨ឆ្នាំ ជាប្តី។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមជនសង្ស័យជាប្តីប្រពន្ធ ចំនួន០៤នាក់ រួមមាន៖ ឈ្មោះ ធូ សុភ័ក្រ ហៅ ឡាយ ថាវី ហៅស្រីនាង អាយុ៣៤ឆ្នាំ ជាប្រពន្ធឈ្មោះ រើន សារាន់នី អាយុ៣២ឆ្នាំ។ ឈ្មោះ ណម ង៉ែត អាយុ៤៩ឆ្នាំ ជាប្រពន្ធឈ្មោះ ព្រំ ខន អាយុ៦៨ឆ្នាំ។
សមត្ថកិច្ចថាការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ ដែលបានអះអាងថា កាលពីអំឡុងឆ្នាំ២០១៧ និង២០១៨ ក្រុមជនសង្ស័យ និងបក្ខពួកមួយចំនួនទៀត បានរួមគ្នាក្លែងបន្លំឯកសារប្លង់ដីធ្លី របស់អ្នកដទៃយកទៅលក់ឲ្យខ្លួន បោកប្រាស់យកលុយអស់១,១៣០,០០០ (មួយលានមួយសែនបីម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
ពាក់ព័ន្ធករណីនេះ ក្រុមអ្នកសារព័ត៌មានប្រចាំតុលាការ មិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុដែលលោក តុប ឈុនឡុង សម្រេចដោះលែងជនសង្ស័យ២នាក់ ខាងលើពី លោក លី សុផាណា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយសារលោកមិនបានឆ្លើយតបនឹងសំនួរ ដែលបានផ្ញើជូនតាមគ្រុប Telegram៕