អ្នកឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ហុង ពីវ ប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា
25-04-2018 14:24
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ បានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារអាមេរិក ចូលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស។
ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការភ្លាមមានសប្បុរសជនជាតិ និងអន្ដរជាតិជាច្រើន ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ហើយគិតត្រឹមថ្ងៃប្រកាសផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» គឺទទួលបានសមាជិកស្ថានិក ចំនួន៥២រូប។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃប្រកាសឲ្យដំណើរការ ជាផ្លូវការថ្ងៃនេះ រួមមានសមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រផងដែរ។ ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជា ដោយឥតគិតថ្លៃ៕