(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យជនរួមជាតិទាំងឡាយត្រូវមានការគោរពសីលធម៌ ចំពោះជនពិការ ហើយអ្នកដែលហៅជនពិការការសម្បទាថា អាខ្វាក់ អាកំបុត អាខ្វាវ គឺជាទង្វើអសីលធម៌ មិនគួរលើកលែងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ បុរសខ្លាំងកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្តែក៏សូមអំពាវនាវសូមឱ្យរក្សានូវភាពគោរព យ៉ាយហោចណាស់ផ្នែកសីលធម៌ អ្នកខ្លះហៅជនពិការអាកំបាក់ អាកំបុត អាខ្វាក់ ខ្លះហៅអាខ្វាវ នេះជាអំពើអសីលធម៌ដែលមិនគួរឱតឱននោះទេ មនុស្សធន់នេះ គឺជាមនុស្សដែលមិនត្រូវរាប់រក ជាមនុស្សដែលខ្វះការអប់រំ ជាមនុស្សដែលមិនអាចយកជាគ្នាបានទេ មិនអាចយកជាគ្នាបានទេ»។
ជាមួយគ្នានេះសម្តេចតេជោ បានរំលឹងផងដែរថា «ពីសម័យមុនមានអ្នកជេរខ្ញុំអាខ្វាក់ ប្រហារអតីតព្រះមហាក្សត្រថៃ ដែលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គខឹងយ៉ាងខ្លាំង ដោយសារអីព្រះមហាសក្សត្រថៃ ព្រះអង្គក៏ខូចព្រះនែត្រម្ខាងដូចខ្ញុំដែរ អញ្ចឹងនៅពេលមានអ្នកនយោបាយជេរខ្ញុំអាខ្វាក់ បានដឹងដល់ព្រះអង្គពេលនោះព្រះអង្គ ក៏មានការខឹងសម្បារយ៉ាងខ្លាំង ព្រោះព្រះអង្គក៏ខូចព្រះនែត្រម្ខាងដែរ ខ្ញុំក៏ខូចភ្នែកម្ខាងដែរ»។
ពាក់ព័ន្ធនឹងបញ្ហានេះប្រមុខរាជរដ្ឋាភិបាល ហាក់បីដូចចង់សំដៅទៅលើអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកនាំនិងត្រូវបាន តុលាការកំពូលកាត់រំលាយពីអំពើក្បត់ជាតិនោះ ឱ្យដឹងថា កាលពីមុខពួកគេតែងតែបញ្ចុះបញ្ចូលឱ្យសកម្មជនអ្នកគាំទ្ររបស់ខ្លួនឱ្យជេរប្រមាថមើលងាយមកលើរាជរដ្ឋាភិបាល ដែលបានតស៊ូរំដោះជាតិពីការកាប់សម្លាប់របស់ពួក ប៉ុលពត រហូតដល់ពិការភ្នែកម្ខាងនោះថា អាខ្វាក់ទៅវិញ ទាំងនេះជាអំពើប្រមាថដ៏ធ្ងន់មួយមិនអាចឱតឱនឱ្យបាននោះទេ។
បុរសខ្លាំងកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា បច្ចុប្បន្ននេះ ប្រជាជននៅលើសកលលោកគេនាំគ្នាគោរពជនពិការ ផ្តល់តម្លៃដល់ជនពិការ គ្រប់ៗរូប ក៏ប៉ុន្តែខ្លួនឯងបែរជាជេប្រមាថសព្វគ្រប់លើជនពិការថាអាខ្វាក់ អាកំបុតទៅវិញ ហើយការជេរប្រមាថ មើលដល់ជនពិការគ្រប់រូប គឺជាទង្វើអសីលធម៌យ៉ាងខ្លាំង ដូច្នេះសូមឱ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គម គួរតែតែនាំគ្នាផ្ចាញ់ផ្ចារទៅលើក្រុមទាំងអស់ទាំងនេះ។ ចុះបើអ្នកដ៏ទៃជេរប្រមាថមើលងាយកូនរបស់ខ្លួនថា អាខ្វាក់ អាកំបុត អាខ្វាវ ឬគេជេរខ្លួនឯងថា អាខ្វាក់ តើវាឈឺចាប់ឬទេ?។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងនេះជារឿងមួយមិនគួរគម្បីឱ្យកើតមាននៅក្នុងសង្គមកម្ពុជានោះឡើយ។ រហូតដល់ពេលបច្ចុប្បន្ននេះ សូម្បីតែអ្នកកើតជំងឺអេដស៍ ក៏សង្គមមិនឱ្យមានការរើសអើងផងដែរ ហេតុអ្វីបានជាជនមួយចំនួននោះនាំគ្នាជេរប្រមាថ និងមានការរើសអើងទៅលើជនពិការជូនកាលពេលខ្លះ ដូច្នះហើយសង្គមកម្ពុជា ត្រូវទាមទារឱ្យមានការគោរពគ្នាទៅវិញទៅមកនេះ ជាសីលធម៌ល្អមួយ ត្រូវតែមានសម្រាប់មនុស្សគ្រប់រូប មិនគួរត្រូវបានបំភ្លេច ឬមើលរំលងនោះទេទៅលើបញ្ហាទាំងនេះ៕