សិប្បកម្មចម្រោះកាកសំណល់ប្រេងឆាមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ផលិតគ្មានស្តង់ដា ថ្ងៃនេះអាជ្ញាធរចុះទៅណែនាំ បើនៅប្រព្រឹត្តនឹងបិទចោល
25-04-2018 14:01
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅត្រួតពិនិត្យទីតាំងសិប្បកម្មចម្រោះកាកសំណល់ប្រេងឆា សម្រាប់នាំចេញទៅក្រៅប្រទេសមួយកន្លង ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ការចុះទៅត្រួតពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានថា ទីនោះផលិតប្រេងឆាគ្មានស្តង់ដា ត្រឹមត្រូវ និងគ្មានអនាម័យ ដែលបង្កការប៉ះពាល់បរិស្ថាន និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរនោះយ៉ាងខ្លាំង។ ពេលចុះទៅដល់ទីនោះ អាជ្ញាធរបានពិនិត្យឃើញថា សិប្បកម្មពិតជាគ្មានអនាម័យឡើយ ពោលកំពប់ប្រេងកខ្វក់ នៅតាមផ្លូវជះក្លិនអាក្រក់ ហើយនៅក្នុងទីតាំងនោះកខ្វក់ខ្លាំងណាស់ មិនខុសពីអ្វីដែលប្រជាពលរដ្ឋរាយការណ៍នោះឡើយ។
លោក ហែម ដារិទ្ធិ បានបន្តថា នេះគឺជាលើកទី២ ហើយដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យទីតាំងមួយនេះ ដោយកាលពីអំឡុងឆ្នាំ២០១៧ បានចុះត្រួតពិនិត្យម្ដងរួចមកហើយ។
លោកអភិបាលខណ្ឌ បានបន្តបញ្ជាក់ថា ទីតាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែគ្មានអនាម័យ និងសង្ស័យផលិតមិនត្រឹមត្រូវតាមស្តង់ដាឡើយ។ ពេលនេះអាជ្ញាធរ បានអប់រំណែនាំឱ្យម្ចាស់ទីតាំង ខាងលើកែលម្អរ និងធ្វកិច្ចសន្យាធ្វើយ៉ាងណា ឱ្យមានអនាម័យខ្ពស់ ចៀសវាងប៉ះពាល់ដល់បរិស្ថាន ហើយអាជ្ញាធរ និងធ្វើរបាយការណ៍មួយជូនថ្នាក់លើ។
ជាមួយគ្នានេះ អាជ្ញាធរនឹងរង់ចាំឱ្យខាងមន្រ្តីកាំកុងត្រូល ចុះទៅពិនិត្យតាមបច្ចេកទេសជាក្រោយទៀត ហើយប្រសិនបើរកឃើញថា ផលិតផលនេះមិនត្រឹមត្រូវតាមស្តង់ដារ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់បរិស្ថាននោះ ទីតាំងសិប្បកម្មនេះនឹងត្រូវបិទចោលតែម្ដង។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហែម ដារិទ្ធ៕