(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរអ្នកបើករថយន្តលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ជុំវិញអំពើឃាតកម្មសម្លាប់នារី ចេវ សុវឌ្ឍនា។ លទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានទម្លាយឲ្យដឹងទេ ដោយមន្ត្រីតុលាការអះអាងថាជាការសម្ងាត់ នៃការស៊ើបសួរ។
គួរបញ្ជាក់ថា លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ សម្រេចចេញដីកាឃុំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត ដាក់ពន្ធនាគារបណ្តោះអាសន្ន។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ព្រោះមិនជាប់ពាក់ព័ន្ធ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា អយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទលាក់បាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យត្រូវចោទទាំង៤នាក់ រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសលោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅថូត ជាអ្នកបម្រើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា៖ មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយ ដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។
មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកនលែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕