(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់ដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យមានការព្រួយបារម្ភអំពីការវិនិយោគរបស់ជនជាតិចិន នៅក្នុងទឹកដីប្រទេសកម្ពុជាតទៅទៀត។ ជាមួយគ្នានេះ សម្តេចបានអះអាងថា ចិននឹងមិនមកនៅក្នុងទឹកដីកម្ពុជារហូតនោះទេ គ្រាន់តែមកបណ្តាក់ទុនរកស៊ីប៉ុណ្ណោះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាកលវិទ្យាល័យក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅកម្ពុជាបច្ចុប្បន្ននេះ មានក្រុមហ៊ុនបរទេសជាច្រើនបានមកវិនិយោគ ប៉ុន្តែធនធានមនុស្សកម្ពុជា នៅមិនទាន់ឆ្លើយតបទាំងស្រុង ទៅនឹងតម្រូវការរបស់ក្រុមហ៊ុនទាំងនោះនៅឡើយទេ ដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះ ត្រូវនាំអ្នកបច្ចេកទេស និងកម្មករឯកទេស មកធ្វើការនៅកម្ពុជា។
ទន្ទឹមនឹងការលើកឡើងបែបនេះ សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកដែលរិះគន់ថា ក្រុមហ៊ុនចិន មករកស៊ីនៅកម្ពុជាកាន់តែច្រើនគួរឱ្យព្រួយបារម្ភនោះ គឺជាមតិអគតិ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មួយរយៈចុងក្រោយនេះ មានមតិមួយចំនួនដែលជាមតិអគតិទាំងស្រុង មានការរិះគន់ទៅលើក្រុមហ៊ុនចិន ជនជាតិចិន មកកម្ពុជា តែខ្ញុំសូមបញ្ជាក់ជូនថា ជនជាតិចិនមកកម្ពុជានេះ គេមករបៀបម៉េច ទី១ គឺទេសចរណ៍ ១លាន២សែននាក់ នាំមកនូវប្រាក់ចំណូលពីប្រទេសចិន មកកាន់ប្រទេសកម្ពុជាច្រើនណាស់»។
សម្តេចបានបន្តថា «ចិនគេមិនមកនៅស្រុកខ្មែរទេ បើចិនជំនាន់គេ(បរទេស)លុកលុយ ជំនាន់ចិនវេទនានោះ អាហ្នឹងចិនពិតជារត់ពីស្រុកចិនមកនៅស្រុកខ្មែរ មកនៅអាស៊ីអាគ្នេយ៍ច្រើនណាស់ ឯនៅស្រុកខ្មែររាប់ទាំងពីដងទន្លេមេគង្គ នៅខាងប្រពន្ធខ្ញុំ»។
សូមបញ្ជាក់ថា ចិនបានក្លាយទៅជាអ្នកផ្តល់ជំនួយ និងហិរញ្ញប្បទានធំមួយ ដល់កម្ពុជា។ មិនតែប៉ុណ្ណោះចិនបានមកវិនិយោគនៅកម្ពុជាយ៉ាងច្រើនកុះករ ដែលការវិនិយោគនេះ បានចូលរួមចំណែកបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ដោយឡែកភ្ញៀវទេសចរវិញ ចិនបានវ៉ាដាច់គេដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលមកកាន់ប្រទេសកម្ពុជា នៅរយៈពេល២ឆ្នាំនេះ៕