(ជប៉ុន)៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ច របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការ អាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា-ជប៉ុន ដែលមានកន្លងមក និងបន្តពង្រឹងពង្រីកនូវចំណង ប្រតិបត្តិការនេះ។ ក្នុងឱកាសនោះលោកបណ្ឌិតបានជម្រាបជូនអំពីស្ថានការណ៍ពិតប្រាកដរបស់កម្ពុជា ទាំងស្ថេរភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ ដែលនាំឱ្យមានការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ក្នុងនោះកំណើនវិនិយោគិនជប៉ុនក៏កាន់តែច្រើនឡើងផងដែរ។ ជាមួយគ្នានេះលោក ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) ក៏បានវាយតម្លៃខ្ពស់អំពីកិច្ចទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕