(កណ្ដាល)៖ អតីតយុទ្ធជននៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានបង្ហាញអារម្មណ៍ឆ្អែតឆ្អន់ជាមួយភ្លើងសង្គ្រាមកាលពីអតីតកាល ហើយបានប្ដេជ្ញាថា នឹងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសបន្ដគាំទ្របេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រប់អាណត្តិ។
ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បំពាក់មេដាយការពារជាតិជូន សមាជិកអតីតយុទ្ធជនស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន៣២៩នាក់ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក នៃ ចារៃ អភិបាលរងខេត្តកណ្តាល។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម នេះគឺជាការគិតគូរដ៏ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលក្នុងរយៈកាលកន្លងមកបាន រួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលមាននយោបាយឈ្នះឈ្នះជាត្រីវិស័យ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដើម្បីជាការដឹងគុណដល់សមាជិកអតីតយុទ្ធជន សម្តេច បានទូលថ្វាយព្រះមហាក្សត្រ ព្រះរាជទានមេដាយការពារជាតិជូន។
ហេតុនេះសូមអតីតយុទ្ធជន ត្រូវយល់ឲ្យបានច្បាស់ថាមានតែសម្តេចតេជោ ហ៊ុន សែន ទេដែលគិតគូរពីសុខទុក្ខរបស់បងប្អូនជាប្រចាំខុសពីបុគ្គល និងក្រុមប្រឆាំងមួយចំនួន ស្រែកថាស្នេហាជាតិ តែធ្វើសកម្មភាពញុះញង់លាបពណ៌បំបែកបំបាក់ការឯកភាពជាតិ ប្រឆាំងសុខសន្តិភាព ដូច្នេះបងប្អូនកុំជឿលើការឃោសនា ញុះញង់របស់ទណ្ឌិត សម រង្សី។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់មើលថែសមាជិក ឲ្យបានដិតដល់ ជាពិសេសចំពោះអ្នកមានជីវភាពទាល់ក្រ សូមបញ្ជាក់ថាកន្លងមក សមាជិកទីទាល់ក្រចំនួន២គ្រួសារ បានទទួលផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន២ខ្នង។
លោកតា ទន់ គង់ យោធិននិវត្តន៍ រស់នៅភូមិអង្គស្នួលទី១ ឃុំពើកស្រុកអង្គស្នួល តំណាងឲ្យសមាជិក ស អ ក ក្នុងអង្គពិធីទាំងមូល បាននិយាយថា មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខ និងជម្រុញការដោះស្រាយរាល់ការលំបាកជូនពួកគាត់ ឥឡូវបំពាក់មេដាយជូនពួកគាត់ នេះជាកិត្តិយសធំធេងណាស់ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនពួកគាត់ ហើយពួកគាត់ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕