(ព្រៃវែង)៖ លោកបណ្ឌិត ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក-ង វែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គកម្ម បានគូសបញ្ជាក់អំពីលក្ខណៈពិសេសមួយចំនួន អំពីទូក-ង វែងជាងគេលើពិភពលោក ដែលកំពុងដំណើរការផលិត។
លក្ខណៈពិសេសនោះ ត្រូវបានលោក ងិន បាណាល់ គូសបញ្ជាក់ថា៖
ទី១៖ ទូកនេះធ្វើប្រវែង៨៥ម៉ែត្រ ផ្ទុកចំណុះទូកសរុប១៧៩នាក់
ទី២៖ ទូកនេះធ្វើអំពីឈើគគីរ ដែលធននឹងទឹក ក្នុងនោះត្រូវប្រើឈើពី៦ដើមដើម្បីផលិត, ចំណែកច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅដែលមានទម្ងន់ស្រាល
ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនាបុរាណរបស់ខ្មែរសុទ្ធសាត
ទី៤៖ ចំពោះសមាសភាពចំណុះទូកវិញ យកមកពីទាហានជើងទឹក១០០នាក់ នគរបាលជើងទឹក៨០នាក់ បូករួមកម្លាំងយុវជន និងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបម្រុងផ្លាស់ប្ដូរដៃគ្នា។
លោកបន្តថា ការផលិតទូក-ង នេះនៅមានលក្ខណៈពិសេសផ្សេងៗទៀត តែមិនទាន់លាតត្រដាងទាំងស្រុងនៅឡើយ។
រហូតមកដល់ពេលនេះ ក្រុមជាងជំនាញកំពុងធ្វើយ៉ាងសស្រាកសស្រាំ ដោយមានមហាជន យុវជនចូលរួមធ្វើជារៀងរាល់ថ្ងៃ ដោយលោកបានអំពាវនាវ ដល់មហាជនយុវជនគ្រប់ស្រទាប់វណ្ណៈ អញ្ជើញចូលរួមធ្វើទូក-ង វែងជាងគេលើពិភពលោកនេះ ដើម្បីភ្ជាប់និស្ស័យដោយអញ្ជើញទៅទីតាំងផលិត នៅមុខសាលាខេត្តព្រៃវែង តំបន់ចុងប៉ម៕