(ភ្នំពេញ)៖ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានសម្រេចជ្រើសរើសប្រទេសកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីរៀបចំវេទិកាអូឡាំពិករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ នៅសណ្ឋាគារសុខានៃទីក្រុងភ្នំពេញ ដោយនឹងជជែកលើប្រធានបទសំខាន់ៗមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី លើកទី១៨ Asian Games 2018 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាខែសីហាខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា នេះគឺជាលើកទី២ ហើយ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃវេទិកាអន្ដរជាតិមួយនេះ ខណៈលើកទី១ បានរៀបចំកាលពីឆ្នាំ២០១៣ លើទឹកដីអង្គរ ខេត្តសៀមរាប។ ចំពោះការរៀបចំវេទិកាអូឡាំពិកប្រចាំតំបន់ ឆ្នាំ២០១៨ នៅកម្ពុជានេះដែរ នឹងមានមន្ដ្រីថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់ជាង ១០០នាក់មកពី៣តំបន់ចូលរួម គឺតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីបូព៌ា។ ហើយតាមគម្រោង ក្រុមគណៈកម្មាធិការអូឡាំពិករបស់ជប៉ុន ដែលត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ក៏នឹងមានវត្តមានក្នុងឱកាសនោះដែរ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលរូបនេះបានបន្ដថា ក្រៅពីជជែកអំពីដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជានឹងទទួលបានផលចំណេញជាច្រើន ពីការធ្វើម្ចាស់ផ្ទះវេទិកាអូឡាំពិកអន្ដរជាតិនេះ ស្របពេលកម្ពុជាកំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដើម្បីទទួលបានការគាំទ្របន្ថែមពីមិត្តអន្ដរជាតិ ដូចជាការចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសក្នុងការរៀបចំព្រឹត្តិការណ៍ធំៗប្រចាំតំបន់ជាដើម។
ប៉ុន្ដែមុនមកដល់កម្ពុជា វេទិកាអូឡាំពិកដដែល នឹងរៀបចំរយៈពេល២ថ្ងៃ នៅទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី០២-០៣ ខែឧសភា ដោយមានប្រទេសមកពីតំបន់អាស៊ីខាងលិច និងអាស៊ីកណ្តាលចូលរួម ដើម្បីជជែកពីដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី លើកទី១៨ ដូចគ្នា៕