(ភ្នំពេញ)៖ នាយកប្រតិបត្តិ កម្មវិធីលំដាប់ពិភពលោក Miss Global ២០១៧ ប្រចាំប្រទេសកម្ពុជា លោក ឌី ពេជ្រ បានចេញមុខប្រកាសជាសាធារណៈថា លោក អឿន រតនៈ ដែលជាអ្នកទំនាក់ទំនងការបរទេសក្នុងកម្មវិធីប្រឡង បវរកញ្ញាឯកលំដាប់ពិភពលោក (Miss Global ២០១៧) និង ម្ចាស់ជយលាភីលេខ១ មកពីប្រទេសប្រេស៊ីល កញ្ញា Barbara Vitorelli ក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯកពិភពលោក គឺអ្នកទាំងពីរ ពុំជាប់ពាក់ព័ន្ធនឹងស្ថាប័ន Miss Global ទៀតឡើយ ខណៈតំណែងរបស់ពួកគេទាំងពីរ ត្រូវបានគណៈកម្មការលំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក ដកហូតហើយ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី មានការរំលោភទៅលើលក្ខខណ្ឌរបស់កម្មវិធី Miss Global បានកើតឡើងជាច្រើនរួចមក ពេលប្រកួតប្រជែង នៅក្នុងប្រទេសកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឌី ពេជ្រ ដែលជានាយកប្រតិបត្តិរបស់កម្មវិធី Miss Global ក្នុងប្រទេសកម្ពុជា និង លោក ឃឹម ចន្ថា ដែលជាអ្នកគ្រប់គ្រង បានប្រកាសជាសាធារណៈ ជាលើកទី២ បន្ទាប់ពីបានដកហូតតំណែង លោក អឿន រតនៈ ពីស្ថាប័ន Miss Global ថា «លោក អឿន រតនៈ ត្រូវបានតែងតាំង ឱ្យធ្វើជាអ្នកទំនាក់ទំនងការបរទេសក្នុងកម្មវិធីលំដាប់ពិភពលោក Miss Global International ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០១៧ ដោយមានបវរកញ្ញា មកពី ៦០ប្រទេសចូលរួម ប៉ុន្តែក្រោយពិនិត្យឃើញភាពមិនប្រក្រតី និងមានរំលោភលើលក្ខខណ្ឌ ជាច្រើនដែលលោក អឿន រតនៈ បានប្រព្រឹត្តិរួចមក ខាងលោក ក៏បានដកហូតតំណែងរបស់លោក អឿន រតនៈ ចេញពីស្ថាប័ន Miss Global ភ្លាម។ យ៉ាងណាមិញ អ្វីដែលគួរឲ្យសម្គាល់នោះ គឺ លោក អឿន រតនៈ នៅតែបន្តការងារ ដែលប្រៀបបាននឹងការឆបោកប្រាក់របស់គេបន្តទៀត ដោយយកឈ្មោះ Miss Global មកប្រើ ធ្វើឱ្យប៉ះពាល់ដល់ឈ្មោះ កម្មវិធីរបស់គេ ខណៈលោក អៀន រតនៈ ពុំមានតួនាទីអ្វីទៀតនោះ ពោលគឺតំណែង របស់លោកត្រូវបានគេដកហូតតាំងពីឆ្នាំមុនមកម្ល៉េះ»។
លោក ឌី ពេជ្រ ថ្លែងបន្តថា «លោកជឿជាក់ថា ភាពមិនប្រក្រតី នោះ គឺទី១ ថវិកាដែលលោក អឿន រតនៈ បានមកខ្លះនោះ គឺមិនដាក់ចូលក្នុងក្រុមហ៊ុនទេ គឺយកតែម្នាក់ឯង, ទី២ គាត់យកមនុស្ស ដែលជាចៅក្រមមកកាត់សេចក្តី ក្នុងកម្មវិធី Miss Global នោះ គឺជាមនុស្សជំនិតរបស់គាត់ ដោយក្នុងនោះមិនមែនទាំងអស់នោះទេ គឺពីរនាក់ប៉ុណ្ណោះ ដូច្នេះវាគ្មានភាពយុត្តិធម៌ សម្រាប់បវរកញ្ញាដទៃទៀតនោះទេ ខណៈកម្មវិធីនេះ គឺសំដៅលើភាពយុត្តិធម៌ គ្មានខ្នងគ្មានខ្សែអ្វីទេ, ទី៣ គឺគាត់យកបវរកញ្ញាប្រេស៊ីល ក៏ដូចជាបវរកញ្ញាផ្សេងទៅជួប ឧកញ៉ាហ្នឹង គឺអត់មានជាសាធារណៈ»។
លោក ឌី ពេជ្រ ថ្លែងសង្កត់ធ្ងន់ថា « តាមតែលោកបានលឺ លោក អឿន រតនៈ បានកេងប្រវ័ញ្ចថវិកាពីកម្មវិធីនេះ ខ្ទង់ម៉ឺនដុល្លារ ខណៈគ្រាន់តែ Sponsor សាលា Beltti មួយគឺ ជិត២០ម៉ឺនដុល្លារ និងមានក្រុមហ៊ុនផ្សេងទៀត ដូចជា ស្រាបៀរ ganzberg កន្លះលានដុល្លារ ហើយប្រហែល ៣០ភាគរយនៃកន្លះលាន ទៅខាង Miss Global International.។លោក អឿន រតនៈ ពុំមានតួនាទីអ្វីជាមួយនឹង ស្ថាប័ន Miss Global ទៀតទេ ចូដ្នេះហើយ រាល់រឿងរ៉ាវទាំងឡាយណាដែលបានកើតឡើងទាក់ទងនឹង Miss Global បើគ្មានហត្ថលេខាពីខ្ញុំ គឺមិនមែនជាការពិតនោះទេ»។
គួរបញ្ជាក់ថា បើយោងតាមសម្តីរបស់លោក ឌី ពេជ្រ លោក អឿន រតនៈ នៅពេលនេះកំពុងរកបណ្តឹងពី Miss Global International ហើយថាមិនត្រូវខាងនោះ នឹងប្តឹងទាមទារលុយ និងការខូចខាតមកវិញ ដើម្បីទាមទារជាភាពយុត្តិធម៌ជូនដល់ បវរកញ្ញា ដែលបានចូលរួមទាំងអស់៕
ឌី ពេជ្រ, ឃឹម ចន្ថា
លោក អឿន រតនៈ
កញ្ញា Barbara Vitorelli (Miss Global ២០១៧ ដែលត្រូវដកហូតតំណែង)