(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានរៀបចំវេទិកាសាធារណៈមន្រ្តីរាជការ បុគ្គលិក អាជ្ញាធរមីន ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២, លោក ព្រំ សុភមង្គល អគ្គលេខាធិការ និងលោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃអាជ្ញាធរមីន។
ការរៀបចំវេទិកាសាធារណៈនេះឡើង ក្នុងគោលបំណងដើម្បី ស្វែងយល់អំពីបញ្ហាកង្វល់ សំណើ សំណូមពរ និងដំណោះស្រាយរបស់មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន និងផ្សព្វផ្សាយអំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ និងបេសកកម្មរបស់អាជ្ញាធរមីន ការទទួលខុសត្រូវ និងតម្លៃរបស់ស្ថាប័ន។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីន បានជម្រាបជូនអង្គវេទិកាសាធារណៈទាំងមូលថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយនូវតម្រូវការជាអាទិភាពសម្រាប់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដោយមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីសម្រេចឲ្យបាននូវគោលដៅចុងក្រោយរបស់ខ្លួន គឺ «ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីនឆ្នាំ២០២៥»។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរមីនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារសម្របសម្រលវិស័យសកម្មភាពមីននៅកម្ពុជា បានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងជោគជ័យស្របតាមគោលនយោបាយ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ នៃវិស័យសកម្មភាពមីននៅកម្ពុជា។
ថ្នាក់ដឹកនាំអាជ្ញាធរមីន បានទទួលយកសំណូមពរ និងលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយមានលក្ខណៈសម្បត្តិ ដូចជា ទី១៖ ត្រូវបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ទី២៖ ត្រូវមានផែនការវែងឆ្ងាយ និងច្បាស់លាស់សម្រាប់អនាគត, ទី៣៖ ត្រូវមានគំនិតឆ្នៃប្រឌិត និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ដាក់បញ្ចូលក្នុងការងារជាប្រចាំរបស់ខ្លួន, ទី៤៖ ត្រូវមានគោលការណ៍ និងនីតិវិធីច្បាស់លាស់ សម្រាប់បំពេញការងារជូនអង្គភាព និងចេះវាយតម្លៃការងារ, កសាង និងពង្រឹងទំនាក់ទំនងល្អទាំងក្នុង និងក្រៅស្ថាប័ន និងទី៦៖ ត្រូវចេះបំពេញការងារជាក្រុម និងចេះទទួលយកគំនិតល្អៗរបស់អ្នកដ៏ទៃ។
ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំអាជ្ញាធរមីន បានបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ គឺជាយុទ្ធសាស្រ្តជាតិតែមួយគត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការសកម្មភាពមីននៅកម្ពុជា ឲ្យសម្រេចបានតាមកាលគ្រោងទុក ដែលទាំងអស់គ្នា ត្រូវរួមគ្នាបន្តកិច្ចខិតខំជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវភាពជោគជ័យ និងការសម្រេចឲ្យបាននូវគោលដៅទាំង៨ នៃផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីននេះ។
អង្គវេទិកាសាធារណៈនេះ ថ្នាក់ដឹកនាំអាជ្ញាធរមីន បានអនុញ្ញាតឲ្យមន្រ្តីរាជការ បុគ្គលិក អាជ្ញាធរមីនលើកឡើងអំពីបញ្ហាកង្វល់ ការតិៈទៀន ការរិៈគន់ ចំណុចកែលំអ និងសំណូមពរផ្សេងៗ ដើម្បីឲ្យថ្នាក់ដឹកនាំធ្វើការពិចារណា និងផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងដើម្បីធ្វើឲ្យស្ថាប័នអាជ្ញាធរមីនមួយនេះ ទទួលបាននូវភាពសុខដុមរមនា និងជោគជ័យរួមគ្នា។
ជាទីបញ្ចប់ ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រុញលើកទឹកចិត្ត និងអំពាវនាវឲ្យមន្រ្តីរាជការ បុគ្គលិក ទាំងអស់ ត្រូវបន្តចូលរួមពង្រឹងនិងពង្រីកសមាជិកភាព ព្រមទាំងស្វែងរកសម្លេងគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ថែមទៀត នៅពេលបោះឆ្នោតថ្នាក់សកល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសម្តេចបន្តដឹកនាំនាវាកម្ពុជា ទទួលបាននូវសន្តិភាព ស្ថេរភាពសង្គម និងកាន់តែមានការអភិវឌ្ឍន៍ លើគ្រប់វិស័យថែមទៀត៕