(ភ្នំពេញ)៖ ប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងតែខិតទៅរកការអភិវឌ្ឍន៍កាន់តែជឿនលឿនឡើងៗ ដែលការវិវត្តន៍នេះបានឆ្លុះបញ្ចាំងពីភាពរីកចម្រើន អាស្រ័យហេតុនេះហើយ ទើបកម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងតំបន់ ក្នុងការកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងពិភាក្សាអំពី « សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះធើ្វឡើងនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ ដោយមានការចូលរួមពីលោក បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងស្ថាប័ន្ធពាក់ព័ន្ធ។
សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ គឺជាការសំយោគបញ្ចូលគ្នានូវគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាពជាសកល ឱ្យស្របគ្នាទៅនឹងទិសដៅអាទិភាពអភិវឌ្ឍន៍ជាក់ស្ដែងរបស់កម្ពុជា។ សេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយនេះបង្ហាញច្បាស់ពីចក្ខុវិស័យ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០២០-២០១៥ ដែលកម្ពុជាសម្រេចបានជោគជ័យនូវ សូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២១,១% ក្នុងឆ្នាំ ២០១០ មកនៅ ១៣,៥% នៅឆ្នាំ ២០១៤ ហើយកម្រិតនៃការធ្លាក់ចុះនេះសម្រេចបានលឿនជាងពីចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជាដែលបានកំណត់នៅត្រឹម ១៩,៥% ឆ្នាំ ២០១០ និង ១៣,៨% ក្នុងឆ្នាំ ២០១៨។
ការធ្លាក់ចុះអត្រានៃភាពក្រីក្រនេះ ស្របគ្នានឹងការវាយតម្លៃរបស់ធនាគារពិភពលោកផងដែរ ដោយបានប្រកាសកាលពីឆ្នាំ ២០១៥ កន្លងទៅ ថាកម្ពុជាបានចាកផុតពីភាពក្រីក្រតោកយ៉ាក (Extrem Poverty) និង បានចាត់ជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងតំបន់ក្នុងការងារកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។ បន្ថែមលើនេះភាពងាយរងគ្រោះបណ្ដាលមកពី ការអត់ឃ្លានធ្ងន់ធ្ងរក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុងព្រមទាំងអត្រាមរណភាពកុមារ និងមាតាបានថយចុះគួរឱ្យកត់សម្គាល់ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យ ការគាំពារសង្គមរបស់
រាជរដ្ឋាភិបាល។
ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ បានគូសបញ្ជាក់ពីការចងក្រងក្របខ័ណ្ឌនៃរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងទិដ្ឋភាពទូលំទូលាយ ដែលមានរយៈពេល អនុវត្តរហូតដល់ឆ្នាំ២០៣០ ដោយដើរស្របតាមគន្លងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកលឆ្នាំ២០៣០ និងជាចន្ទល់សម្រាប់គាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ផងដែរ៕