(ក្រចេះ)៖ សាកលវិទ្យាល័យដ៏ល្បីសន្លាងនៅក្នុងខេត្តក្រចេះ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពលរដ្ឋខេត្តក្រចេះ បានសម្តែងអំណរសាទរជាពន់ពេកក្រៃ ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានបន្តតម្កល់ការអប់រំលើកកម្ពស់ធនធានមនុស្សជាវិស័យអាទិភាព និងបានបង្កើតសាកលវិទ្យាល័យនៅក្នុងខេត្តក្រចេះ។
សាកលវិទ្យាល័យខេត្តក្រចេះជាសកលវិទ្យាល័យទី២ហើយ នៅខេត្តភូមិភាគឦសាន បន្ទាប់ពីសាកលវិទ្យាល័យនៅក្នុងខេត្តត្បូងឃ្មុំ។ សាកលវិទ្យាល័យខេត្តក្រចេះ ត្រូវបានមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ថា សាកលវិទ្យាល័យនឹងបណ្តុះបណ្តាលផ្តោតជាសំខាន់លើវិស័យសកម្ម។
ការកំណត់យកការបណ្តុះបណ្តាលលើវិស័យកសិកម្ម គឺពិតជាបានឆ្លើយតបប្រកបដោយភាពប្រាកដនិយមក្នុងការជំរុញវិស័យកសិកម្មក្នុងខេត្តក្រចេះ និងខេត្តភូមិភាគឦសាន។ និយាយពីភូមិសាស្ត្រខេត្តក្រចេះជាខេត្តដែលដីមានជីវជាតិល្អ សម្បូរធនធានទឹកសាបជាប់នឹងដងទន្លេមេគង្គ មានប្រឡាយ បឹង និងអូរជាច្រើនសុទ្ធសឹងអាចប្រើសម្រាប់ទាញយកទឹកជាប្រភពសម្រាប់ស្រោចស្រព។
ការមានវត្តមានសាកលវិទ្យាល័យវាជាជំហានជោគជ័យមួយហើយសម្រាប់កូនចៅប្រជាពលរដ្ឋខេត្តក្រចេះ តែការកំណត់ទិសដៅសម្រាប់ការបណ្តុះបណ្តាល គឺរឹតតែសំខាន់ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យកូនចៅអ្នកខេត្តក្រចេះទទួលបាននូវចំណេះជំនាញមួយដ៏ពិតប្រាកដ ហើយធានាដល់ការជំរុញវិស័យកសិកម្ម នៅក្នុងខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្មមួយនេះ។
វិស័យកសិកម្មនៅកម្ពុជា គឺជាវិស័យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្តល់ស្បៀងអាហារ ហើយក៏ប្រភពផ្តល់ការងារទ្រទ្រង់ជីវភាពសម្រាប់ ប្រជាកសិករនៅតាមទីជនបទផងដែរ។ ពលរដ្ឋខេត្តក្រចេះក៏យ៉ាងដូច្នោះដែរ ភាគច្រើនបំផុតជីវិតត្រូវពឹងផ្អែកលើវិស័យកសិកម្មធ្វើស្រែ ដាំបន្លែ ចិញ្ចឹមសត្វ និងរកត្រី។
ជាកូនដែលមានឪពុកម្តាយជាកសិករលើដែនដីជនបទក្នុងខេត្តក្រចេះ តាំងពីកុមារភាពរហូតដល់យុវភាពមុនចេញមកសិក្សានៅរាជធានីភ្នំពេញនាឆ្នាំ២០០៣ លោក វ៉ាន់ សារាយ ដែលបច្ចុប្បន្នជានិពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បានចងចាំ និងជ្រូតជ្រាបយ៉ាងច្បាស់នូវជីវភាពនៃក្រុមគ្រួសាររបស់ខ្លួន និងប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
លោក វ៉ាន់ សារាយ បានររៀបរាប់ថា ទាំងគ្រួសាររបស់លោក និងប្រជាពលរដ្ឋពលរដ្ឋក្នុងភូមិរបស់លោក ក៏ដូចជាបណ្តាភូមិដទៃទៀតផងដែរ ជីវភាពត្រូវពឹងអាស្រ័យជាសំខាន់បំផុតទៅលើការធ្វើស្រែ ដាំបន្លែ ចិញ្ចឹមសត្វគោក្របី និងរកត្រីតាមដងទន្លេមេគង្គដែលលាតសន្ធឹងនៅក្រោយភូមិឋាន។ សូម្បីតែការទទួលបានឱកាសសិក្សានៅរាជធានីភ្នំពេញ ក៏ពឹងអាស្រ័យលើការធ្វើស្រែចំការ ចិញ្ចឹមសត្វ និងរកត្រីរបស់ឪពុកម្តាយនេះផងដែរ។
លោក វ៉ាន់ សារាយ បានរំលឹកថា ចាប់តាំងពីនៅកុមារភាពរហូតដល់ដឹងក្តីទាំងក្នុងគ្រួសាររបស់លោក ព្រមទាំងគ្រួសាររបស់ពលរដ្ឋដទៃទៀត ការប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ មិនដែលមានចំណេះជំនាញអ្វីទាំងអស់។ ការធ្វើគឺអាស្រ័យតាមការដកពិសោធន៍ផ្ទាល់ខ្លួន ទាំងការធ្វើស្រែ ដាំបន្លែ និងចិញ្ចឹមសត្វ ដែលជាមូលហេតុមួយនាំឲ្យការទទួលផលមិនបានតាមការគ្រោងទុកនោះឡើយ។
បើទោះបីពីអតីតកាលខ្វះបច្ចេកទេសក្នុងការដាំដុះយ៉ាងណា តែប្រជាពលរដ្ឋក្នុងភូមិនៅតែខិតខំក្នុងការដាំដុះ ដើម្បីស្វែងរកកម្រៃទ្រទ្រង់ជីវភាពរបស់ខ្លួន ហើយប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាក្នុងខេត្តមិនដែលមានប្រវត្តិទិញបន្លែពីរាជធានីភ្នំពេញសម្រាប់បរិភោគនោះឡើយ។ ផ្ទុយទៅវិញមកដល់ពេលបច្ចុប្បន្ន និយាយដាច់ដោយឡែកក្នុងភូមិធំ និងនិយាយជារួមក្នុងខេត្តក្រចេះ បែរជាត្រូវនាំបន្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ពីរាជធានីភ្នំពេញ ព្រមទាំងត្រីចិញ្ចឹមផងដែរ យកទៅចែកចាយតាមបណ្តាភូមិនានាក្នុងខេត្ត ដែលសុទ្ធសឹងជាកន្លែងអាចដាំដុះបន្លែបាន។
ក្រៅពីបញ្ហាបន្លែទៅនៅមានផ្ទៃដីស្រែប្រាំងជាច្រើនហិកតាទៀត ត្រូវបានគេទុកចោលព្រោះតែគ្មានស្រោចស្រព ខណៈដែលទន្លេ បឹង អូរមានច្រើនសន្ធឹក ជាហេតុនាំឲ្យប្រជាពលរដ្ឋក្នុងខេត្តក្រចេះភាគច្រើនបំផុតធ្វើស្រែបានតែមួយរដូវតែប៉ុណ្ណោះ។
លោក វ៉ាន់ សារាយ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយបានមើលឃើញវិសាលភាពកសិកម្មដ៏ខ្លាំងក្លាយរបស់ចិន ដែលមិនសូវជាមានប្រភពទឹកតែដីតាមជនបទគ្រប់កន្លែងគ្រប់ដណ្តប់ដោយដំណាំកសិកម្មនោះ បានសម្តែងការអបអរសាទរជាខ្លាំងចំពោះវត្តមាន សាកលវិទ្យាល័យក្នុងខេត្តក្រចេះ។
កូនកសិករក្នុងខេត្តក្រចេះរូបនេះ ចង់ឃើញសាកលវិទ្យាល័យខេត្តក្រចេះ បណ្តុះបណ្តាលផ្តោតជាសំខាន់លើបច្ចេកទេសលើវិស័យកសិកម្មក្នុងការដាំដុះស្រូវ បន្លែ ចិញ្ចឹមសត្វគោក្របី និងត្រីផងដែរ។ មិនត្រឹមតែផ្តល់ចំណេះដឹងទៅដល់និស្សិតតែប៉ុណ្ណោះទេ លោកក៏ចង់ឲ្យសាកលវិទ្យាល័យអាចផ្តល់ឱកាស និងប្រមូលផ្តុំប្រជាកសិករក្នុងខេត្តនេះ ឲ្យមកទទួលបានចំណេះដឹងបច្ចេកទេសកសិកម្មទាំងនេះផងដែរ។
លោក វ៉ាន់ សារាយ រំពឹងថា សកលវិទ្យាល័យខេត្តក្រចេះ នឹងក្លាយជាចលករថ្មីនៃការជំរុញវិស័យកសិកម្មនៅក្នុងខេត្តក្រចេះ ជំរុញពលរដ្ឋខេត្តក្រចេះ ភាគច្រើនជាកសិករឲ្យមានកម្រិតជីវភាពកាន់តែធូរធារ ហើយខេត្តក្រចេះនឹងមានអ្នកបច្ចេកទេសកសិកម្មកាន់តែច្រើន ដើម្បីជំរុញការដាំដុះផលិតផលកសិកម្ម គំរូមួយប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ ជាពិសេសនៅពេលប៉ុន្មានឆ្នាំខាងមុខ នឹងលែងឃើញពលរដ្ឋ និងកសិករខេត្តក្រចេះ មានផ្ទៃដីអំណោយផលសម្រាប់វិស័យកសិកម្មដឹកបន្លែពីរាជធានីភ្នំពេញសម្រាប់បរិភោគ៕