(ម៉ាឡេសុី)៖ អតីតប្រធានរដ្ឋ Melaka លោក Datuk Tan Sri Hj Mohd Ali Mohd Rustam សមាជិកសភាម៉ាឡេស៊ី និងជាប្រធានពិភពម៉ាឡាយូពិភពឥស្លាមម៉ាឡេសុី (DMDI) រួមជាមួថ្នាក់ដឹកនាំរដ្ឋ បានរៀបចំពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍អបអរសាទរចំពោះវត្តមានរបស់ គណៈប្រតិភូកម្ពុជាមកកាន់ទឹកដីនៃរដ្ឋ Malaka ដឹកនាំដោយ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលលោកក៏ជាអនុប្រធានរបស់ពិភពម៉ាឡាយូពិភពឥស្លាមម៉ាឡេសុី (DMDO) ផងដែរ នារាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
ក្នុងគោលបំណងដើម្បីចុះសួរសុខទុក្ខបងប្អូនខ្មែរដែលរស់នៅក្នុងរដ្ឋមួយនេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ និងលោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី រួមទាំងសហការី ក៏បានបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនអនិកជន ពលរដ្ឋខ្មែរ នៅតំបន់ Tanjung Minyak នៃរដ្ឋ Malaka និងមានការចូលរួមពីតំណាងអនិកជនខ្មែរ ដែលរស់នៅរដ្ឋ Nageri Sembilan ដែលមានអ្នកតំណាងចូលរួមចំនួន ២៣៥នាក់។
តាមការបញ្ជាក់របស់លោក Shamsuddin តំណាងអនិកជនខ្មែរ នៅរដ្ឋនេះ បានឲ្យដឹងថា គឺរដ្ឋ Malaka ជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនទៀត ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ដែលពួកគាត់មកតាំងទីលំនៅ តាំងពីទស្សវត្ស៧០ និង៨០ ដែលជាសម័យកាលសង្គ្រាមនៅកម្ពុជាមកម្លេះ ហើយភាគច្រើនក៏បានទទួលសិទ្ធិជាសញ្ជាតិម៉ាឡស៊ីដែលស្របច្បាប់ ក្រោយមកទៀតជាបន្តបន្ទាប់ ក៏មានបងប្អូនខ្មែរ ដែលមកបម្រើការងារនៅទៅនេះ កាន់តែច្រើនឡើងផងដែរ ប៉ុន្តែពួកគាត់រួមរស់ប្រកបដោយភាពកក់ក្តៅ និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលម៉ាឡេស៊ី។
លោកស្រីអគ្គរាជទូត បានកោតសរសើរពីការរក្សាបាននូវសុជីវធម៌របស់បងប្អូនអនិកជនខ្មែរ ជាពលរដ្ឋល្អរបស់កម្ពុជា ដែលបានសម្របខ្លួន ដាក់ខ្លួន រួមរស់នៅក្រោមដំបូលរដ្ឋមួយនេះ ពុំដែលបង្កបញ្ហា ឬនាំទុក្ខកង្វល់ដល់ប្រជាជន និងថ្នាក់ដឹកនាំរស់រដ្ឋមួយនេះទេ ហើយក៏ពុំដែលបង្កបញ្ហានាំកង្វល់ដល់ស្ដានទូតរបស់ខ្លួន ផ្ទុយទៅវិញបងប្អូន រស់នៅប្រកបអាជីបជាអ្នកជំនួញ អាជីវករ និងខ្លះជាកម្មករ បងប្អូនពិតជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងរក្សាបាននូវស្ថេរភាព សន្តិសុខបានល្អប្រសើរ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាថ្នាក់ដឹកនាំខ្មែរឥស្លាម បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះនៃរដ្ឋ Malaka ក៏ដូចជារដ្ឋាភិបាលម៉ាឡេស៊ី ដែលជានិច្ចកាលបាននិងកំពុងយកចិត្តទុកដាក់ បីបាច់ថែរក្សាដល់បងប្អូនអនិកជនខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរដែលមករស់នៅ ធ្វើការនៅលើទឹកដីនេះ មិនត្រឹមតែប៉ុណ្ណោះ ម៉ាឡេស៊ីជាដៃគូរទំនាក់ទំនងការទូតមួយយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជាហើយក៏ជាភាគីផ្តល់ជំនួយដល់សហគមន៍ខ្មែរឥស្លាមលំដាប់លេខ១ បើប្រៀបធៀបនឹងបណ្តាដៃគូរម្ចាស់ជំនួយប្រទេសផ្សេងៗ។
ក្រោមការយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះនៅក្នុងស្រុក ឬក្រៅស្រុក លោក អូស្មាន ហាស្សាន់ បានជម្រាបដល់អនិកជនខ្មែរមួយចំនួននៅរដ្ឋនេះដែលមករស់នៅជាង៣០ឆ្នាំមកហើយ តែនៅពុំទាន់ទទួលបានសញ្ជាតិពេញលេញ គ្រប់លក្ខណៈ និយាយរួមអ្នកដែលនៅកាន់អត្តសញ្ញណបណ្ណសញ្ជាតិម៉ាឡេស៊ី ពណ៌ក្រហម លោកបាននិងកំពុងទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធរបស់ម៉ាឡេស៊ី ដើម្បីសម្រួលឲ្យបងប្អូនឆាប់ទទួលបានសញ្ជាតិម៉ាឡេស៊ីពេញលក្ខណៈ ជាពិសេសការទទួលបានសិទ្ធិទិញលក់ និងភាពជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ការប្រើប្រាស់លិខិតឆ្លងដែនម៉ាឡេស៊ី និងអត្ថប្រយោជន៍ផ្សេងៗទៀតដូចពលរដ្ឋម៉ាឡេស៊ី និយាយរួម គឺដូចជាអ្នកដែលប្រើប្រាស់អត្តសញ្ញាណបណ្ណពណ៌ខៀវ អញ្ចឹងដែរ៕