លោក ឡាយ វណ្ណៈ ត្រូវបានដកចេញពី គណបក្សប្រជាជនកម្ពុជា បន្តទៀត ក្រោយចាប់ខ្លួន
24-04-2018 20:37
(ភ្នំពេញ)៖ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចមួយដោយដក លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក រួមទាំងមនុស្ស២នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ឃាតកម្ម និងលាក់បាំងតម្រុយ ពាក់ព័ន្ធករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែលជានារីកំណាន់របស់ លោក ឡាយ វណ្ណៈ នៅក្នុងខេត្តតាកែវ។
ជនត្រូវចោទទាំង៤នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនរួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។
លោក ឡាយ វណ្ណៈ ត្រូវបានដកដំណែងមួយចំនួនទៀតផងដែរ ដែលរួមមានតំណែងអភិបាលខេត្ត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវផងដែរ៕