(ភ្នំពេញ)៖ លោក Dmity Tsvetkov ឯកអគ្គរាជទូតសហភាពរុស្ស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនឹងធ្វើការជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា លើជំនាញប្រឆាំងភេរវកម្មនិងសន្តិ សុខខណៈបញ្ហាសន្តិសុខសកលបានកំពុងវិវត្តន៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់លោក Dmity Tsvetkov ធ្វើឡើងនៅក្នុងកិច្ចជំនួប ជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក Dmity Tsvetkov បានលើកឡើងថា ក្រសួងពាក់ព័ន្ធរបស់រុស្ស៊ី ស្វាគមន៍ជានិច្ចក្នុងការសហការជាមួយកម្លាំងកម្ពុជាក្នុងការថែរក្សាសន្តិសុខ និងប្រឆាំងភេរវកម្ម ហើយរុស្ស៊ីនឹងបន្ត ជួយបណ្តុះបណ្តាលជំជានាញជាច្រើនទៀត ដល់កម្លាំងនគរបាលកម្ពុជា ក្នុងការថែរក្សាសន្តិសុខនោះ។
លោកបានបន្តថា ទំនាក់ទំនងរវាងរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជាកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរបានកើតឡើង ជាយូរលង់ណាស់មកហើយនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះការជួយរបស់រុស្ស៊ីក្នុងការបណ្តុះបណ្តាលជំនាញ ផ្សេងៗដល់កម្លាំងនគរបាលកម្ពុជានោះ ហើយកម្ពុជានឹងចាត់ចែតជាបន្តបន្ទាប់ដើម្បីបញ្ជូនពួកគេទៅធ្វើការហ្វឹកហាត់ជំនាញ ដូចដែលបានលើកឡើងខាងលើនេះ។
សម្តេច ស ខេង បានបញ្ជាក់ទៀតថា មិត្តភាពកម្ពុជា និងរុស្ស៊ីបានកំពុងរីកចម្រើនជាបន្តបន្ទាប់ ហើយសម្តេចរំពឹងថាទំនាក់ទំនងនេះ នឹងកាន់តែល្អជាងនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ហើយកម្ពុជាអរគុណជានិច្ចចំពោះការជួយរបស់រដ្ឋាភិបាលរុស្ស៊ីនាពេលកន្លងមក ក៏ដូចជាអនាគតនោះ៕