(បាត់ដំបង)៖ ក្រុមហ៊ុនជប៉ុន DAIHO-ASANUMA (ដាយហូ និងអាសានុម៉ា) ស្ថាបនាផ្លូវពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាផ្លូវកញ្ចប់ថវិកាទី២ របស់គម្រោង JICA នេះ បានកាយដីហែកផ្លូវទុកចោលបង្កគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងជាបន្តបន្ទាប់។
ក្រុមហ៊ុនជប៉ុន DAIHO-ASANUMA បានកាយដីសង្ខាងផ្លូវជារណ្តៅជ្រៅៗ ទុកចោល ហើយដំណើរការស្ថាបនាយឺតបណ្តាលឲ្យបង្កការកកស្ទះចរាចរណ៍។ ក្នុងនោះផ្លូវជាតិក្លាយទៅជាតូចចង្អៀតជៀសគ្នាសឹងពុំកើត និងបង្កគ្រោះថ្នាក់ចរាចរណ៍ ទាំងពេលថ្ងៃ ពេលយប់ រហូតដល់ប្រជាពលរដ្ឋរអ៊ូរទាំ។
ដោយឡែក មន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលួចបង្ហើបថា ក្រុមហុ៑នជប៉ុន DAIHO-ASANUMA អត់មានគ្រឿងចក្រដំណើរការតែម្តង បើមានវិញមានលក្ខណៈតិចតួច និងជាគ្រឿងចក្រៗ មិនអាចដំណើរការបានល្អចំពោះគ្រឿងម៉ាស៊ឺន។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋស្នើម្ចាស់គម្រោង គួរមានវិធានការពិនិត្យពីការស្ថាបនារបស់ក្រុមហ៊ុនជប៉ុន DAIHO-ASANUMA ពីគម្រោងស្ថាបនាផ្លូវពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាផ្លូវកញ្ចប់ថវិកាទី២នេះ ខណៈមិនបានដំណើរការ ឃើញតែកាយដីហែកផ្លូវទាំងសង្ខាងទុកចោល បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ កកស្ទះចរាចរជាដើម។
ពាក់ព័ន្ធករណីនេះ ក្រុមអ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីខាងក្រុមហ៊ុនជប៉ុន DAIHO-ASANUMA និងខាងគម្រោង JICA បានទេនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ៕