(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមេសានេះ បានអនុញ្ញាឲ្យលោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងកសិកម្ម។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍអាស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន ក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយគាំទ្រផ្តល់ហិរញ្ញប្បទាន លើគវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត។
លោករដ្ឋមន្រ្តីក៏បានជម្រាបជូន អគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អំពីការរីកចម្រើនលើវិស័យកសិកម្ម មានដូចជាផលិតកម្មស្រូវ ដំឡូងមី ស្វាយចន្ទី ផលិតកម្មបន្លែ និងវិស័យវារីវប្បកម្ម ដែលទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះ លោក Ramesh Subramaniam បានសាទរចំពោះកំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលសម្រេចបាននាបណ្តាឆ្នាំកន្លងមក ក្នុងនោះវិស័យកសិកម្មដែលបានរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យសម្រេចបានក្នុងរង្វន់៧%។
អគ្គនាយករូបនេះ បានជម្រាបជូនលោករដ្ឋមន្រ្តីពីគោលបំណងរបស់លោកនាថ្ងៃនេះ គឺស្នើសុំការគាំទ្រ សហការ និងអនុសាសន៍សំខាន់ៗ ក្នុងការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូថ្មីជាមួយប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងនានា ដែលទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសទាក់ទងទៅនឹងការបម្រែបម្រួលអាកាសធាតុ ការកែច្នៃវេចខ្ចប់ និងបង្កើនតម្លៃលើខ្សែសង្វាក់ផលិតកម្មកសិកម្ម។
ទាក់ទង និងផែនការយុទ្ធសាស្រ្ត ដែលបានលើកឡើងនេះ លោក វេង សាខុន បានស្នើសុំឲ្យលោក Ramesh Subramaniam គិតគូពិចារណាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
ទី១៖ គួរបង្កើតក្រុមការងារមួយ ដែលមានសមាសភាពចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការសិក្សាស្វែងយល់ពីគោលនយោបាយគាំទ្រ របស់រដ្ឋាភិបាលនៃ បណ្តាប្រទេសនានាជាសមាជិក GMS លើការគ្រប់គ្រងផលិតផលកសិកម្ម ការកែឆ្នៃ ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន ឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារអន្តរជាតិ។
ទី២៖ សិក្សាពីលទ្ធភាពលើការផ្តល់ឥណទាន ដែលមានការប្រាក់ទាប ដល់ប្រជាកសិករ និងវិស័យឯកជនដែលលទ្ធភាពធ្វើការកែច្នៃកសិផល និងជំរុញការអនុវត្តការធ្វើអនាម័យ និងភូតគាមអនាម័យជាអាទិភាព។
ទី៣៖ ពិនិត្យលទ្ធភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលទាក់ទងនឹងការកែច្នៃវេចខ្ចប់។
ទី៤៖ ជួយជំរុញការធ្វើទំទើបកម្មកសិកម្ម ពិសេសការប្រើប្រាស់គ្រឿងយន្តកសិកម្ម សមស្របទៅតាមលទ្ធភាព ក្នុងខណៈដែលកំលាំងពលកម្ម ក្នុងវិស័យកសិកម្មបាន និងកំពុងមានការធ្លាក់ចុះជាបន្តបន្ទាប់។
ទី៥៖ ជួយជំរុញការងាររៀបចំផែនទីកំណត់តំបន់ដាំដុះឲ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ក្នុងការបង្កើនផលិតភាពផលិតកម្ម ដោយការបង្កើនរដូវដំាដុះ ការបង្កើនទិន្នផលតាមរយៈការជ្រើសរើសពូជ ឲ្យសមស្របតាមស្ថានភាពដី និងគុណភាពដី។
លោក Ramesh Subramaniam បានឯកភាព និងគាំទ្រ ហើយលោកផ្ទាល់ និងសហការី នឹងយកទៅពិនិត្យពិចារណាបញ្ចូល ក្នុងផែនការយុទ្ធសាស្រ្តភាពជាដៃគូថ្មី ក៏ដូចជាគម្រោងអភិវឌ្ឍ វិស័យកសិកម្មផ្សេងៗទៀតផងដែរ។
លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹមនិងជឿជាក់ថា ធនាគារអភិវឌ្ឍអាស៊ីនឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មឲ្យកាន់តែរីកចម្រើននាពេលអនាគត ស្របតាមប្រាថ្នាចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕