(កំពង់ឆ្នាំង)៖ សំរាមគរដូចភ្នំ និងមានហៀរទឹក ជះក្លិនស្អុយយ៉ាងខ្លាំង ស្ថិតនៅផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ ហើយជាពិសេសនោះ បានធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។
ប្រជាពលរដ្ឋ និងក្រុមអាជីវករ បានទទូចស្នើដល់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ជាពិសេសអ្នកម៉ៅការភាស៊ីផ្សារតែម្តង ជួយដឹកសំរាមចេញផង ពីព្រោះមានការប៉ះពាល់ខ្លាំងណាស់សម្រាប់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នោះ។
ប្រជាពលរដ្ឋ និងក្រុមអាជីវករ បានរាយការណ៍ថា ចំពោះអ្នកម៉ៅកាភាស៊ីផ្សារសាលាលេខ៥ ឃើញម៉ៅការកាន់កាប់ផ្សារនេះយូរឆ្នាំមកហើយ ប៉ុន្តែមិនឃើញមានក៏សាងអភិវឌ្ឍន៍អ្វីជាដំកំភួននោះទេ ពោលឃើញតែប្រមូល លុយដាក់ហោប៉ៅ ឯការកសាងមិនមានដុំកំភួននោះឡើយ សូម្បីតែដំបូលផ្សារ ក៏គ្មានធ្វើឲ្យអាជីវករបានលក់ដូរសមរម្យដែរ ទុកឲ្យអាជីវករលក់ដូរដោយប្រក់តង់ ប្រក់ឆ័ត្រ នៅហាលថ្ងៃ ហាលភ្លៀងតែម្តង។ ចំណែកប្រព័ន្ធលូទៀត នៅមុខផ្សារ ពេលភ្លៀងម្ដងៗ ទឹកដក់ស្ទះលូហូរមិនទាន់ ធ្វើឲ្យអ្នកទិញទំនិញដើរលូយទឹកស្ទើរត្រឹមជង្គង់។
កត្តាទាំងនេះ ប្រជាពលរដ្ឋសូមសំណូមពរលោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ឈឹម វុទ្ធា អភិបាលស្រុកស្រុកកំពង់ត្រឡាច គួរពិចារណាចំពោះអ្នកម៉ៅការផ្សារមួយនេះ៕