(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញតួលេខនៃទំហំវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា។

តួលេខការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅកម្ពុជានេះ ត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC អំពីលទ្ធផលនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិ ដែលរៀបចំឡើងនៅ សណ្ឋាគារសូហ្វី-តែលភ្នំពេញភូគីត្រា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ខាង អ៊ី (Kang Yi) ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរ ប្រមាណ ១៥០រូប។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម»

CDC បានគត់សម្គាល់ទៀតថា «សម្រាប់ក្នុងឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥% បើធៀបនឹងទុនវិនិយោគសរុបប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ តួលេខវិនិយោគក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជាទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ»

បើតាមបញ្ជាក់របស់ CDC នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រចអនុញ្ញាតឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើគម្រោងថ្មីចំនួន ៣៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណជាង ៤០០លានដុល្លារអាមេរិក។ កំណើននៃទុនវិនិយោគនេះបានបង្ហាញអំពីភាពជឿជាក់របស់អ្នកវិនិយោគចិនទៅលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

តាមការបញ្ជាក់របស់ CDC គោលបំណងនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ គឺដើម្បីផ្ដល់ឱកាសដល់អ្នកវិនិយោគ និងធុរជនកម្ពុជា-ចិន ជួបពិភាក្សាស្វែងយល់ពីកាលានុវត្តភាព និងសក្ដានុពលធុរកិច្ចនិងវិនិយោគនៅកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតរវាងប្រទេសយើងទាំងពីរ។ វេទិកានេះ ត្រូវបានរៀបចំឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៦០ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូត ដែលកាន់តែមានភាពរឹងមាំ និងទូលំទូលាយ។

លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីមិត្តភាពជាប្រពៃណី ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគីរហូត ដល់កម្រិតកំពូលមួយ គឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឈរលើមូលដ្ឋាននេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានបន្ត៖

១៖ពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

២៖ ការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្មរវាងប្រទេសទាំងពីរ តាមរយៈការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្ម និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញ គម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្មគន្លឹះរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។

៣៖ ការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» និងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិ នៃផែនការ៥ឆ្នាំ លើកទី១៣ របស់រដ្ឋាភិ-បាលចិន ជាមួយនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ-កម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអគ្គលេខាធិការបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងារទទួលបន្ទុក សហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគរបស់ភាគីកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការប្រើប្រាស់យន្តការសម្របសម្រួល, កិច្ចសន្ទនាទ្វេភាគី, ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា, និងការពិភាក្សាលើវិស័យគន្លឹះនិងគម្រោងអាទិភាពនានា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះគម្រោងវិនិយោគដែលកំពុងមានសកម្មភាព។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ជោគជ័យមួយ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការកសាងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតផ្នែកឧស្សាហកម្ម។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១២៨ ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៤៥៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណជិត ២ម៉ឺនកន្លែង៕