(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានកោះហៅអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញមកប្រជុំពិភាក្សា ពីស្ថានភាពប្រឡាយ បង្ហូរទឹកស្អុយនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីរកយន្តការដោះស្រាយឲ្យបានទាន់ពេល មុនរដូវវស្សាឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាប្រព័ន្ធប្រឡាយបង្ហូរទឹកមួយចំនួន ដូចជា នៅតំបន់សឡា ត្រង់ចំណុចផ្លូវ៣៧១ ប្រសបគ្នា ដើមស្លែងនិងស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខជាដើម ដើម្បីលើកមកពិភាក្សាគ្នាឲ្យច្បាស់ ជុំវិញបញ្ហានេះ ធ្វើយ៉ាងណាស្ថានភាពទឹកក្នុងតំបន់នេះ ហូរបានល្អធានាថាមិនលិចលង់នៅរដូវវស្សា។
លោកអភិបាល បញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ នៅតំបន់នេះមានការលិចលង់ ដោយសារប្រព័ន្ធបង្ហូរទឹកតូច និងផ្នែកខាងក្រោមមានសំរាមកកស្ទះ បើទោះជាអាជ្ញាធរបានកាយប្រឡាយ ស្ទឹងមានជ័យហើយក៏ដោយ ប៉ុន្តែបើសិនជាមានភ្ញៀងធ្លាក់មកនៅពេលនេះ ពិតជាជួបបញ្ហាមិនខាន ដោយសារសំរាមមួយចំនួនទៀត មិនទាន់បានរើសចេញអស់នៅឡើយ អាចនឹងហូរធ្លាក់ចុះមកតាមប្រឡាយបង្កបញ្ហាស្ទះទឹកដដែល។
លោក ឃួង ស្រេង បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរជំនាញជាអ្នកអនុវត្តន៍នាពេលកន្លងមក បានកាយសំរាមចេញអស់រាប់ម៉ឺនម៉ែត្រគីប រួចមកហើយ ដើម្បីឲ្យតំបន់នេះមានស្ថានភាពទឹកហូរបានប្រសើរឡើង។ ចំណុចសំខាន់មួយទៀត នៅលើដីឧកញ៉ា ឃុន សៀរ កន្លងមកអាជ្ញាធរ និងម្ចាស់ដីបានឯកភាពគ្នា រកវិធានការណ៍ធ្វើយ៉ាងណាឲ្យទឹកក្នុងតំបន់នោះ ហូរធ្លាក់ចុះទៅក្រោមបានលឿន មិនបង្កការជន់លិចទៅកន្លែងដទៃទៀត។
ក្រៅពីនោះ ក៏មានតំបន់មួយចំនួនទៀត ដែលតែងតែជួបបញ្ហាប្រឈមទឹកលិចក្នុងរដូវរស្សា ទាមទារឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយ មន្រ្តីជំនាញរបស់មន្ទីរពាក់ព័ន្ធ និងមន្រ្តីជំនាញដទៃទៀត លើកយកនូវបញ្ហាមកពិភាក្សាគ្នា ដើម្បីរកយន្តការដោះស្រាយឲ្យបានទាន់ពេលវេលា ចៀសវាងការជនលិចក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បន្ថែមទៀតថា មួយផ្នែកទៀត ស្ថានភាពប្រព័ន្ធទឹកនៅផ្លូវ២០០៤ ដែលកន្លងមកមានប្រព័ន្ធបង្ហូរទឹកហូរធ្លាក់មក២ផ្នែក តើបច្ចុប្បន្ននេះអាចទ្រងទ្រង់បានទេ ព្រោះឆ្នាំកន្លងទៅមានការលិចលង់ខ្លាំង ដោយសារការសាងសង់ផ្លូវរបស់ក្រុមហ៊ុន សៀង ហៃគ្រុប ធ្វើឲ្យបាក់លូស្ទះទឹក នៅត្រង់ចំណុចផ្លូវកែង និងធ្វើឲ្យខូចផ្លូវទាំងស្រុង ដោយសារទឹកលិច និងមានរថយន្តធំធ្វើចរាចរជាប្រចាំ។
ទាក់ទិនបញ្ហាប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ លោកអភិបាលស្នើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ រួមសហការជាមួយមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងធ្វើឲ្យបានល្អ បើខ្វះលទ្ធភាពស្នើមកថ្នាក់លើជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណារកវិធានការណ៍ដោះស្រាយឲ្យបានបញ្ជៀសនូវការជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ឬផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ពោលគឺត្រូវទទួលខុសត្រូវ និងគ្រប់គ្រង់ឲ្យបានក្នុងមូលដ្ឋានរបស់ខ្លួន៕