(ប៉ៃលិន)៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តប៉ៃលិនដឹកនាំដោយលោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ លើផលិតផលម្ហូបអាហារខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទ គ្រប់ប្រភេទដែលអាជីវករ យកមកដាក់តាំងលក់ នៅតាមផ្សារ និងតាមផ្ទះទូទាំងខេត្តប៉ៃលិន សរុប៧១៨គីឡូក្រាម។
ក្នុងការដកហូតទំនិញខួចគុណភាពនេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន ក៏បានធ្វើការដុតកម្ទេចចោលនៅព្រឹកថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអភិបាលរងខេត្តប៉ៃលិន លោកព្រះរាជអាជ្ញារងខេត្ត មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត, ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំ, សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិព្រំផងដែរ។
លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលយកមកកម្ទេចចោលនាពេលនេះ គឺបានមកពីកិច្ចសហការ រវាងមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន ក្នុងចុះត្រួតពិនិត្យរកផលិតផលទំនិញខួចគុណភាព ព្រមទាំងដកហូតពីអាជីវករ ដែលដាក់តាំងលក់នៅលើទីផ្សារទូទាំងខេត្តប៉ៃលិន។
ជាមួយការដុតកម្ទេចទំនិញខូចគុណភាពនាពេលនេះ យើងក៏នៅតែមានវិធានការ ចុះត្រួតពិនិត្យទំនិញដែលខូចគុណភាពជាបន្តទៀត ធ្វើយ៉ាងណា ដើម្បីថែរក្សា និងការពារសុខមាលភាព ជូនប្រជាពលរដ្ឋ ពីព្រោះរាល់ថ្ងៃនេះ សុខមាលភាព របស់ប្រជាពលរដ្ឋ អាចប្រឈមនឹងហានិភ័យ ដោយសារតែការទទួលទានមុខទំនិញ និងផលិតផលម្ហូបអាហារខូចគុណភាព។
លោកបានបន្តថា លប៉ះពាល់ពីការប្រើប្រាស់មុខម្ហូបខូចគុណភាព ឬភេសជ្ជៈហួសកំណត់ប្រើប្រាស់ អាចនាំឲ្យសុខភាព អ្នកប្រើប្រាស់មានជំងឺផ្សេងៗ ដូច្នេះហើយ អាជីវករ ពិសេសប្រជាពលរដ្ឋ ដែលទិញទំនិញជារៀងរាល់ថ្ងៃ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការជ្រើសរើសអាហារមកទទួលទាន ឬតាំងលក់បន្តទៀត។
ក្នុងនោះដែរលោកក៏បានសំណូមពរឲ្យអាជីវក ឬឈ្មួញនាំយកទំនិញមានគុណភាព យកមកដាក់តាំងលក់ ទន្ទឹមនេះអាជីវករទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ ថ្ងៃខែឆ្នាំផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាង ពេលមន្ត្រីកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ ដកហូត ដែលនាំឲ្យខាតបង់ថវិការគ្រួសារ របស់បងប្អូន និងខាតបង់វេលាផងដែរ។
ប្រការទាំងអស់នេះ គឺក្រោមការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញ ជាផលិតផលម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹងនូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគទាំងអស់ តាមច្រកទ្វារ ព្រំដែន ដើម្បីធានាសុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់៕