(សៀមរាប)៖ ក្រុមឧត្តមមន្ត្រីសុខាភិបាលអាស៊ាន បានប្តេជ្ញាចិត្តពន្លឿនសេវាសុខាភិបាលសម្រាប់ប្រជាជាតិអាស៊ានទាំងមូល តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាល ការការពារហានិភ័យហិរញ្ញវត្ថុ ការកាត់បន្ថយ ឬលុបបំបាត់កត្តាគ្រោះថ្នាក់ដល់សុខភាព ការធានានិរន្តរភាពកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការធានាឲ្យប្រជាជនទាំងអស់ អាចទទួលបានសេវាសុខភាពក្នុងតម្លៃសមស្រប ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព។
ក្រុមឧត្តមមន្ត្រីសុខាភិបាលអាស៊ាន បានបញ្ជាក់ទៀតថា យន្តការខាងលើនេះ គឺជាកត្តាមិនអាចខ្វះបានក្នុងការបង្កើនអាយុកាល រស់នៅជាមធ្យម ក៏ដូចជាបង្កើនគុណភាព នៃជីវិតប្រជាជន ក្នុងតំបន់អាស៊ានទាំងមូល។
ការថ្លែងរួមគ្នាយ៉ាងដូច្នេះ ក្នុងឱកាសបើកកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប។
ក្រុមឧត្តមមន្ត្រីសុខាភិបាលអាស៊ាន បានលើកឡើងថា នៅក្នុងរយៈពេល៥០ឆ្នាំ នៃការបង្កើតសមាគប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សមាគមមួយនេះ បានរួមគ្នាបោះជំហានយ៉ាងវែងឆ្ងាយ ក្នុងការបំពេញ និងសម្រេចឲ្យបាននូវទស្សនភាពជាអ្នកដឹកនាំ ដើម្បីឈានឆ្ពោះទៅរកគ្រួសារ និងសហគមអាស៊ានមួយដែលពោរពេញទៅដោយភាពជឿទុកចិត្ត និងមានតួនាទីក្នុងការអភិវឌ្ឍលើវិស័យសុខាភិបាល ពិសេសនៅក្នុងការរៀបចំគោលនយោបាយ ដើម្បីផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការទទួលខុសត្រូវសង្គម និងការទទួលបានការជឿទុកចិត្តពីប្រជាជាតិនៃសហគមអាស៊ីបូព៌ាទាំងមូលផងដែរ។
ក្រុមឧត្តមមន្ត្រីសុខាភិបាលអាស៊ាន បានបន្តទៀតថា នាទសវត្សរ៍កន្លងទៅ អាស៊ានបានចូលរួមចំណែកយ៉ាងធំធេងគួរជាទីមោទនៈ ដើម្បីសម្រេចបាននូវលទ្ធផលកាលពីឆ្នាំ២០១៥ កន្លងទៅនេះ។ សមិទ្ធផលទាំងឡាយដែលអាស៊ានរួមគ្នាអនុវត្ត និងសម្រេចបាន អាស្រ័យលើគម្រោង និងសកម្មភាពនានា នៃផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្ដីពីការអភិវឌ្ឍលើវិស័យសុខាភិបាល (២០១០-២០១៥)។ ទាំងនេះ គឺបានសបញ្ជាក់ឲ្យឃើញថា រាល់សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺបានសម្រេចតាមគោលដៅ និងគោលបំណងនៃសកម្មភាពសុខាភិបាល ដែលអាស៊ានបានគ្រោងទុក។
អាស៊ាននឹងរៀបចំគោលដៅ ដើម្បីធ្វើឲ្យបានសម្រេចបន្ថែមនូវការលើកកម្ពស់សុខភាពរស់នៅ និងសុខមាលភាព សម្រាប់មនុស្សគ្រប់វ័យ ការលើកកម្ពស់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងជំងឺឆ្លងគ្រប់ប្រភេទ ការទទួលបាននូវសេវាថែទាំសុខភាពជាសកល និងការលើកកម្ពស់សុខភាពចំណីអាហារ រួមនិងសុវត្ថិភាពក្នុងការទទួលបានទឹកស្អាតបរិភោគ និងអនាម័យ។
លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងដែរថា ក្រសួងសុខាភិបាលកម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ កំពុងអនុវត្តកម្មវិធីមូលនិធិសមធម៌ ដែលគ្របដណ្តប់ប្រជាជនក្រីក្រទូទាំងប្រទេស ឲ្យទទួលបាននូវសេវាថែទាំ និងព្យាបាលជំងឺប្រកបដោយគុណភាព ក្រោមគំនិតផ្តួចផ្តើមហិរញ្ញប្បទានសុខាភិបាលសំខាន់ៗចំនួនពីរ ដើម្បីដោះស្រាយការចំណាយរបស់ប្រជាពលរដ្ឋលើបញ្ហាសុខភាព រួមមាន៖
ទី១៖ កម្មវិធីមូលនិធិសមធម៌សុខាភិបាល ដែលមានគោលបំណងការប្រើសេវាសុខាភិបាលសាធារណៈសម្រាប់ជនក្រីក្រ ដែលបច្ចុប្បន្នបានពង្រីកទៅដល់ក្រុមប្រជាជនងាយរងគ្រោះផ្សេងៗទៀត។
ទី២៖ មូលនិធិគាំទ្រការផ្តល់សេវា គម្រោងហិរញ្ញប្បទានផ្អែកលើលទ្ធផលការងារនៅទូទាំងប្រទេស ដែលជាការលើកទឹកចិត្តដល់អ្នកផ្តល់សេវាប្រកបដោយគុណភាពនៅតាមមូលដ្ឋាន៕