(កណ្តាល)៖ កម្លាំងសមតកិច្ចចំរុះខេត្តកណ្តាល រួមមាន៖ កម្លាំងរដ្ឋមន្រ្តីព្រៃឈើ អង្គការវ៉ាយអេត និងកម្លាំងអាវុធហត្ថ (នៅជាមួយអង្គការវ៉ាយអេត) ដឹកនាំដោយព្រះរាជអាជ្ញារងលោក ទិន សុចិត្រា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានចុះទៅឆែកឆេរនៅហាង «រំចង់» ស្ថិតនៅផ្ទះលេខ២១អា ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យតើហាងមួយនេះ មានលក់សត្វព្រៃតទៅទៀតដែរឬ?
ការចុះទៅឆែកឆេរនៅហាងខាងលើនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចុះឆែកលំនៅដ្ឋានរបស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល។ តែយ៉ាងណាក៏ដោយ សម្រាប់ការចុះឆែកឆេរនេះ កម្លាំងសមត្ថកិច្ចចំរុះ មិនបានរកឃើញវត្ថុតាងណាមួយនោះឡើយ។ ហើយម្យ៉ាងទៀត រហូតមកដល់ពេលនេះ ហាងក៏មិនបានលក់ដូរដូចមុននោះទេ ពោលបានបិទតាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ។
លោក ចាន់ ពៅ ម្ចាស់ហាង «រំចង់» បានប្រាប់ថា ពិតជាមានកម្លាំងសមត្ថកិច្ចចំរុះទៅឆែកឆេរលំនៅដ្ឋានរបស់លោកមែន ប៉ុន្តែជាលទ្ធផល មិនបានរកឃើញវត្ថុតាងណាមួយនោះឡើយ។ លោកចាន់ ពៅ បានបញ្ជាក់ថា ការចុះមកឆែកឆេរនេះ លោករីករាយឲ្យឆែក និងចូលរួមសហការជាមួយ ដើម្បីជម្រះមន្ទិលសង្ស័យទាំងឡាយ ដែលថាហាងរបស់លោក លួចលក់សត្វព្រៃនោះ តែលទ្ធផល គឺមិនបានរកឃើញឡើយ។
កាលពីម្សិលមិញ មន្រ្តីសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា តាមពិតទៅហាងនេះ ម្ចាស់ហាងបានបិទទ្វារ និងបានបិទស្លាកនៅលើទ្វារអំពីការផ្អាករួចទៅហើយ តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ មិនបានបើកទៀតទេ។
សេចក្តីជូនដំណឹង ដែលបានបិទនៅលើទ្វារហាង បានសរសេរថា «ហាងរំចង់យើងខ្ញុំ សូមជូនដំណឹងដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ តទៅ ហាងរំចង់យើងខ្ញុំ នឹងបិទឈប់លក់ជារៀងរហូត»។
ម្ចាស់ហាងមួយនេះ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែពុំសូវមានភ្ញៀវចូលហូបនោះ នាំឲ្យហាងគ្មានថវិកាគ្រប់គ្រាន់ ដើម្បីផ្តត់ផ្គង់ដល់បុគ្គលិកទើបសម្រេចបិទទ្វារតែម្តង មិនដំណើរការទៀតនោះឡើយ។
ម្ចាស់ហាងរូបនេះ ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក លឹម សុគន្ថា អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចុះបង្ក្រាបកាលពីប៉ុន្មានឆ្នាំមុននោះ លោកបានបង់ថ្លៃផាកពិន័យតាមផ្លូវច្បាប់ត្រឹមត្រូវអស់ហើយ ហើយក្រោយមកលោកបានបង្វែមកលក់សាច់សត្វស្រុកធម្មតា តែអាជីវកម្មមួយមិនកាក់កបក៏សម្រេចបិទហាងតែម្ដង៕