(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនយុវពាណិជ្ជ បានរៀបចំធ្វើការ ស្តារប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែង ១៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង ដើម្បីទប់ទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង។
ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋាននេះបានឲ្យដឹងថា អាជ្ញាធរជាតិតែងតែគោរព និងដើរតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយ ក្នុងកិច្ចអភិរក្សរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មិនភ្លេចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់វិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរដែរ។
លោកក៏បានបញ្ជាក់ទៀតថា នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេស ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេច តែងតែគិតគួរដល់សុខសន្តិភាពជាតិ និងការអភិវឌ្ឍគ្រប់វិស័យផ្សារ ភ្ជាប់នឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់កូនចៅគ្រប់ជំនាន់។
លោកក៏បានសំណូមពរ ចំពោះក្រុមហ៊ុនដែលធ្វើការស្តារនេះ ក្នុងករណីប្រទះឃើញដោយចៃដន្យ នូវវត្ថុបុរាណណាមួយក្នុងការជីកស្តារប្រឡាយឡើងវិញ ត្រូវប្រគល់ជូនសមត្ថកិច្ចដើម្បីរក្សាទុកក្នុងនៅទីសុវត្ថិភាព ហើយជាមួយគ្នានេះដែរ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យបានគង់វង្ស។
លោក ព្រៀន ប្រម មេឃុំអំពិល បានបញ្ជាក់ថា ប្រឡាយមួយខែ្សនេះជាប្រឡាយបុរាណ ដែលមានមកជាយូរយារណាស់មកហើយ កាលពីមុនប្រជាពលរដ្ឋនៅទីនេះ តែងមានទឹកប្រើប្រាស់គ្រប់ប្រាំង វស្សា ដោយអាស្រ័យទឹកប្រឡាយមួយនេះ ប៉ុន្តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួល ហើយស្ថានភាពបាតប្រឡាយក៏កាន់តែរាក់ទៅៗ ដែលធ្វើឲ្យប្រឡាយដ៏ចំណាស់នេះ លែងមានទឹកហូរ និងប្រើប្រាស់បានទៀតនៅរដូវប្រាំង។
លោកក៏បានបន្ថែមទៀតថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកពិតជារីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនយុវពាណិជ្ជដែលបានជួយស្តារប្រឡាយនេះឡើងវិញ។
លោក ភូ ភក្តី តំណាងក្រុមហ៊ុនយុវពាណិជ្ជក៏បានលើកឡើងដែរថា ការស្តារប្រឡាយបុរាណនេះឡើង គឺធ្វើតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងមានការអនុញ្ញាតព្រមទាំងការចុះពិនិត្យមើលបច្ចេកទេសការងារពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។ ហើយលោកក៏បញ្ជាក់ថា ការស្តាប្រឡាយនេះ នឹងបញ្ចប់ការងារក្នុងរយៈពេលយ៉ាងយូរ១ខែ។
លោក ម៉ក់ សំភារ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ក៏បានបង្ហាញនូវភាពសប្បាយរីករាយដែលប្រជាពលរដ្ឋនឹងទទួលបាននូវប្រឡាយ សម្រាប់តម្កល់ទឹកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ លោកបញ្ជាក់ថា នេះជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏លើសលុបដែលកើតឡើងក្នុងសម័យកាលនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕