(ភ្នំពេញ)៖ លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt ស្របជាមួយនឹងការកត់សំគាល់ទិវាភពផែនដី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានធ្វើជាអធិបតី នៅក្នុងពិធីបង្ហាញប្រព័ន្ធផ្ទាំងសូឡា ស្រូបថាមពលព្រះអាទិត្យថ្មី របស់ស្ថានទូតអាមេរិក។ ប្រព័ន្ធនេះ នឹងកាត់បន្ថយយ៉ាងច្រើន នូវការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ស្ថានទូត ហើយជាជំហ៊ានមួយ ក្នុងការកាត់បន្ថយការបំពុលបរិយាកាស។
ពិធីនេះក៏រួមមានផងដែរ នូវការលក់ទំនិញប្រចាំឆ្នាំ ដែលមានលក់ផលិតផល កែច្នៃយកមកប្រើឡើងវិញ និងការលក់ផលិតផល របស់កសិករក្នុងស្រុក ដែលបង្ហាញផលិតផលក្នុងស្រុករបស់គេ ដែលមិនប៉ះពាល់បរិស្ថាន។ ចូលរួមនៅក្នុងពិធីនោះផងដែរ មានលោកស្រី Susan Meyerson អ្នកគ្រប់គ្រងប្រចាំតំបន់សំរាប់ការិយាល័យ នៃប្រតិបត្តិការសាងសង់នៅក្រៅប្រទេស ប្រចាំនៅទីក្រុង Washington និងតំណាងមកពីក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការដំឡើងផ្ទាំងសូឡាស្រូបថាមពល ព្រះអាទិត្យថ្មីទាំង៩៤០នេះ ត្រូវចំណាយអស់ប្រហែល១លានដុល្លារ នៅលើដំបូលនៃស្ថានទូតអាមេរិក ត្រូវការពេលវេលាយូរ ហើយធ្វើឲ្យស្ថានទូត អាចសន្សំប្រាក់បានប្រហែល ៦៥,០០០ដុល្លារក្នុងមួយឆ្នាំ ពីការចំណាយលើថាមពលអគ្គិសនី។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា «ផ្ទាំងស្រូបថាមពលព្រះអាទិត្យ ដូចដែលយើងផ្តើមឲ្យមានឡើងនៅថ្ងៃនេះ គឺជាការការវិនិយោគទៅលើអនាគត ហើយផ្តល់ជាភ្លើងអគ្គិសនី សំរាប់រយៈពេល១៩ ឆ្នាំ។ ផ្ទាំងស្រូបថាមពលព្រះអាទិត្យទាំងនេះ អាចស្រូបថាមពលព្រះអាទិត្យ សំរាប់ផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះប្រជាជនកម្ពុជា បានចំនួនប្រហែល២៤០ផ្ទះ»។
លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងថា «យើងបានសំរេចធ្វើគំរោងនេះ ពីព្រោះយើងចង់ការពារបរិស្ថានរបស់យើងទាំងអស់គ្នា។ ស្ថានទូតអាមេរិក មានមោទនភាព ក្នុងការធ្វើការ វិនិយោគនេះ ទៅលើអនាគតនៃបរិស្ថាននៅកម្ពុជា។ នៅសហរដ្ឋអាមេរិក គេមានសុភាសិតថា គិតជាសាកល ហើយធ្វើនៅតាមកន្លែងមូលដ្ឋាន។ វាគឺជាអ្វីដែលស្ថានទូតអាមេរិក កំពុងធ្វើនៅទីនេះ និងក្នុងពេលនេះ»។
លោកឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា «ប្រទេសកម្ពុជា មានពន្លឺថ្ងៃច្រើន ហើយមានសក្តានុពលច្រើន ក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់។ យើងសង្ឃឹមថា គំរោងនេះនឹងលើកទឹកចិត្ត ដល់ស្ថាប័នដទៃទៀត ឲ្យដំឡើងផ្ទាំងសូឡា ស្រូបយកថាមពលព្រះអាទិត្យផងដែរ»៕