(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានបន្តយកចិត្តទុកដាក់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋលើការបរិភោគប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យ និងស្វែងរកសារធាតុហាមឃាត់លើចំណីអាហារ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោប ក្នុងផ្សារអូរឬស្សី និងណែនាំបន្ថែមដល់អាជីវករ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ។
ក្នុងការចុះត្រួតពិនិត្យនេះ គឺលោកតែងធ្វើជាប្រចាំនៅតាមផ្សារ ក្នុងរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ និងតាមការណែនាំពីប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាពិសេសមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ។
លោក គង់ វុទ្ធី បានណែនាំដល់បងប្អូនអាជីវករទាំងអស់ រាល់បន្លែ ផ្លែឈើ និងចំណីអាហារ កុំឲ្យដាក់បន្ថែមនូវសារធាតិគីមីហាមឃាត់ផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខ្លួនយើងផ្ទាល់ ក៏អាចប្រឈមទៅសារធាតុទាំងនោះ ហើយពេលមានបញ្ហាគឺអាចទទួលខុសត្រូវ ចំពោះមុខច្បាប់ និងធ្វើយ៉ាងណាណែនាំបន្តដល់អ្នកចែកចាយ ឬបោះដុំផងដែរ ។
ជាមួយនឹងការលេចចេញនូវព័ត៌មានដ៏ភ្ញាក់ផ្អើល និងមិនគួរឱ្យជឿក្នុងបណ្តាញសង្គមនានា ក៏ដូចជា ហ្វេសប៊ុកផងនោះ ពាក់ព័ន្ឋទៅនឹងការចាប់កាហ្វេដែលផលិតពីថ្មពិលនៅប្រទេសវៀតណាម លោកក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ជាពិសេស ផលិតផលនាំចូលត្រូវមានប្រភពច្បាស់លាស់ ។
នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ លោក គង់ វុទ្ធី បានឲ្យដឹងថា ក្រុមការងាររបស់លោកបានយកទំនិញចំនួន៦៥គម្រូ ទៅពិនិត្យក្នុងរថយន្តឡាបូ ដោយរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិត នៅក្នុងបន្លែផ្កាគូឆាយ ដែលបង្កផលប៉ះពាលយ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ រួចដកហូតយកទៅកម្ទេចចោល និងឲ្យអាជីវករធ្វើកិច្ចសន្យាឈប់លក់បន្តទៀតផងដែរ៕