(រតនគិរី)៖ យុវជនជនជាតិដើមភាគតិចកម្ពុជា ដែលរស់នៅក្នុងខេត្តរតនគិរី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់យ៉ាងខ្លាំង ចំពោះការលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី។ ជាមួយគ្នានេះ តំណាងយុវជនជនជាតិភាគតិចទំពួន បានព្រមានប្រឆាំងនឹង លោក សម រង្ស៊ី ដោយមិនឱ្យទណ្ឌិតក្បត់ជាតិនេះ ធ្វើនយោបាយតទៅទៀតទេ។
ការប្រតិកម្មយុវជនជនជាតិដើមភាគតិចកម្ពុជាខេត្តរតនគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
យុវជន ខុម ប៊ុនសៃ តំណាងជនជាតិដើមភាគតិចទំពួន រស់នៅភូមិថ្មដារ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី បានបញ្ជាក់បណ្តាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បងប្អូនជនជាតិភាគតិចកម្ពុជាទំពួន បានទទួលដំណឹងអំពីការចុះកិច្ចព្រមព្រៀងនេះ តាម Facebook និងតាមបណ្តាញព័ត៌មានផ្សេងៗ។ លោកបានបន្តថា ក្រុមយុវជនជនជាតិដើមភាគតិច របស់លោកឃើញការចុះកិច្ចព្រមព្រៀងនេះហើយឈឺចាប់ណាស់ ទើបពួកគាត់នាំគ្នាប្រកាសប្រឆាំងតែម្តង។
លោកបានអះអាងថា លោក និងបងប្អូនជនជាតិភាគតិចកម្ពុជាដទៃទៀត មិនបានស្គាល់ជនជាតិម៉ុងតាញ៉ាពីមុនមកនោះទេ។ លោកជឿថា ជនជាតិនេះ មានប្រភពនៅប្រទេសវៀតណាម។ លោកមានការស្នើសុំឱ្យតុលាការ ដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ចំពោះអំពើក្បត់ជាតិកាត់ទឹកដីទៅឱ្យជនជាតិដទៃ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕