(សៀមរាប)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរួមគ្នារក្សាការពារ នូវសុខសន្តិភាព និងរាល់សមិទ្ធផល ដែលកើតចេញពីការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ អញ្ជើញចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារ វត្ត «មុនីសាគរបវរសត្ថា ស្រះកែវអណ្តែត» ហៅវត្តកំពង់ភ្លុក ស្ថិតឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
សមិទ្ធផលសម្រាប់បម្រើ ដល់វិស័យព្រះពុទ្ធសាសនាថ្មីមួយទៀតនេះ គឺសម្រាប់ឲ្យប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនបន្ថែមទៀត។
ពិធីសម្ភោធព្រះវិហារថ្មីនេះ ក៏មានការចូលរួមពីសំណាក់លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប, លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ពុទ្ធបរិស័ទចំណុះ ជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ និងអ្នកពាក់ព័ន្ធជាច្រើនរូប សរុបប្រមាណជាង២ពាន់ អង្គ/នាក់។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងរួមគ្នា កសាងនូវសមិទ្ធិផល ទាំងពុទ្ធចក្រ និងទាំងអាណាចក្រ រួមគ្នាជាបន្តទៀត ជាពិសេសយើងត្រូវរួមគ្នារក្សា ការពារនូវសុខ សន្តិភាព និងរាល់សមិទ្ធផល ដែលកើតចេញពីការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ»។
ក្នុងឱកាសនោះ លោកក៏បាននាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស និងសប្បុរសជនជិតឆ្ងាយ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
មេបញ្ជាការរង កងទ័ពជើងគោក រូបនេះ បានរំលឹកថា កាលពីប្រមាណជាង២០ឆ្នាំមុន លោកបានមកកំពង់ភ្លុក ជាមួយលោកឧកញ៉ា សៀង ណាំ ម្ដងដែរ ដែលកាលគ្រានោះ គឺមានផ្ទះតិចតួចនៅឡើង តែឥឡូវមានផ្ទះដំបូលប្រក់ក្បឿង រហូតជិត១ពាន់ខ្នង និងមានសមិទ្ធិផលជាច្រើន នៅក្នុងឃុំ។
លោកថា «ជាក់ស្ដែងថ្ងៃនេះ យើងសូមអបអរសាទរ ជាមួយនិងសមិទ្ធិផលថ្មី ជាវត្តអារ៉ាមបន្ថែមទៀត សម្រាប់បម្រើឲ្យខាងព្រះពុទ្ធសាសនា ដែលលោកតា លោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយ អាចបានធ្វើបុណ្យធ្វើទានរួមគ្នា ដែលសំខាន់ណាស់ នៅក្នុងសាសនារបស់ខ្មែរយើង»។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមសាងសង់ នូវសមិទ្ធិផលទាំងអស់នេះឡើង ដែលចំណាយថវិកាផ្ទាល់ខ្លួន ជាង៨ម៉ឺនដុល្លារអាមេរិក សម្រាប់ការជួសជុល សាងសង់នូវសមិទ្ធិផលបន្ថែម នៅវត្តអារាមនេះឡើង។
ជាមួយគ្នានោះ លោកបានប្រគេនបច្ច័យ ជូនព្រះសង្ឃ និងថវិកាជូនចំពោះ លោកតា លោកយាយ លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងយុវជនកាកបាទក្រហម, យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមការងារ និងសប្បុរសជន ក្នុងខេត្តសៀមរាប ចំនួនសរុបជាង២៦អង្គ/អ្នក ក៏បានបំពាក់នូវគ្រឿងឥស្សរិយសផងដែរ៕