(កណ្ដាល)៖ នៅចំពោះមុខអតីតយុទ្ធជន ត្រូវទទួលបានមេដាយការពារជាតិចំនួន៣២៣នាក់ មកពីបណ្តាឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីក តួនាទីរបស់អតីតយុទ្ធជន កែលំអជីវភាព ការបង្កើនស្មារតីជួយគ្នាទៅវិញទៅមក នៅពេលសមាជិកណាម្នាក់ពេលជួបគ្រោះថ្នាក់ មានទុក្ខលំបាក ឬទទួលមរណភាពជាដើម។
អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា រយៈពេលជិត៣ឆ្នាំនេះ សមាគមសម្រេចបានលទ្ធផល គួរកត់សំគាល់ជាអាទិ៍ ការបើកផ្តល់ប្រាក់មរណសង្រ្គោះបានទាន់ពេលវេលា ដែលពីមុនមានការយឺតយ៉ាវ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកទាំងអស់តាម ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស នៅទីនេះ ជាលើកទី២ហើយដែលលោកបានមកជួបអតីតយុទ្ធជន ហើយបានគិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនលំបាកខ្វះខាត, ការត្រៀមបែងចែកផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដើម្បីបានអាស្រ័យផល។
ដោយឡែកសមាគមអតីតយុទ្ធជនខេត្តកណ្តាល ត្រូវចុះពិនិត្យជាក់ស្តែងចំពោះសមាជិកណាដែលគ្មានដី គ្មានផ្ទះ បើពួកគាត់ព្រមទៅនៅក្រចេះ ឬឧត្តរមានជ័យ គឺផ្ដល់ជូនភ្លាម ហើយត្រូវពង្រឹងការគ្រប់គ្រងសមាជិក នៅមូលដ្ឋានឃុំ ភូមិ តាមរយៈការរៀបចំសៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់។
ទោះជាយ៉ាងណាក្តី នាយឧត្តមសេនីយ គន់ គីម បានក្រើនរំលឹក ដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួបសមាជិកតាមក្រុម តាមគ្រួសារ ហើយត្រូវសហការ ផ្តល់អាទិភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗ ឲ្យទទួលបាននូវសេវាសាធារណៈនានាដូចជា ការទទួលបាននូវជំនួយសង្រ្គោះបន្ទាន់, ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គម ផ្សេងៗជាដើម។
ជាមួយគ្នានេះ លោក គីម រឹទ្ធី អភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ដែលក្នុងមួយជីវិតបានលះបង់ដើម្បីជាតិ មាតុភូមិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ។
លោក លឹម អេង យោធិននិវត្តន៍មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់ពួកគាត់ ដូចជាតម្លើងប្រាក់ខែ និងពេលនេះបានផ្តល់មេដាយជូនទៀត ដែលពួកគាត់គ្មានថ្ងៃបំភ្លេចគុណសម្តេចឡើយ និងប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីគាំទ្រសម្តេចតេជោ បន្តដឹកនាំប្រទេសតទៅទៀត៕