(ភ្នំពេញ)៖ សំណុំរឿងជនជាតិចិនប្រុសស្រី២នាក់ និងបុរសខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្នុងកាស៊ីណូ ត្រូវបានតុលាការ លើកយកមកជំនុំម្រះនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដែលសវនាការមានលោក ថាន់ ឡេង ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ខៀវ ផល្លា ជាតំណាងអយ្យការ។
ក្នុងអង្គសវនការ តំណាងអយ្យការលោក ខៀវ ផល្លា បានចោទប្រកាន់លើជនជាប់ចោទ ទី១ឈ្មោះ ផាន់ វ៉ាន់គី ហៅឡុង ហៅកឺកឺ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន (ធ្លាប់ត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត រឿងជួញដូរគ្រឿងញៀន), ទី២ឈ្មោះ វូ ហ័រចិន ហៅស៊ី ម៉ីង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន និងទី៣ឈ្មោះ នុត កែវរចនា ភេទប្រុស អាយុ៣១ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៧នៅរាជធានីភ្នំពេញ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទ ជាជនជាតិចិនទាំង២នាក់ខាងលើ បានច្រានចោល បទចោទប្រកាន់របស់តុលាការ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តនោះទេ។ ចំណែកជនជាប់ចោទ ឈ្មោះ នុត កែវរចនា បានឆ្លើយថា រូបគេ គឺជាភ្នាក់ងាររបស់សមត្ថកិច្ច ការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលមាន រហ័សនាម A572។
ជនជាប់ចោទរូបនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ខ្លួនបានទៅទទួលគ្រឿងញៀនមួយ ប្រអប់បិទជិត ពីជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី ហៅឡុង ហៅកឺកឺ នៅចំណុចកាស៊ីណូណាហ្គាវើល តាមការណាត់របស់ឈ្មោះ កឺកឺ។ ក្រោយទទួលបាន គ្រឿងញៀនរួចរូបគេបានរាយការណ៍ទៅ សមត្ថកិច្ចជំនាញឲ្យដឹងដើម្បីចាប់ខ្លួន ជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី ហៅ ឡុង ហៅ កឺកឺ និងបក្ខពួក រហូតសមត្ថកិច្ចចាប់បានជនជាប់ចោទ ជាជនជាតិចិនទាំង ២នាក់ រួមនឹងវត្ថុតាងមួយចំនួនបន្ថែមទៀតផងដែរ។
ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការបានសម្រេច លើកពេលទៅប្រកាសសាលក្រមនៅ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕