(ភ្នំពេញ)៖ ប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការផលិតខ្សែអគ្គិសនី និងរៀបចំប្រព័ន្ធទឹកស្អាត នៅក្នុងខេត្តកែប និងខេត្តកំពត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។
នៅក្នុងឱកាសនោះ លោក ឆឹន អ៊ូ បានស្នើក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោក ឆឹន អ៊ូ បានជម្រាប លោករដ្ឋមន្ត្រីថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន កំពុងធ្វើប្រតិបត្តិការអាជីវកម្ម រាប់តាំងពីវិស័យកសិកម្ម សំណង់ និងប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ NiceTV ជាដើម ហើយនៅថ្ងៃខាងមុខ លោក នឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោងនេះ ឲ្យលេចរូបរាង ឡើងនា ពេលអនាគត។ លោករដ្ឋមន្ត្រី ក៏បានស្នើលោកអភិបាលខេត្ត និងវិនិយោគិនខេត្តក្វាងស៊ី ពិចារណាវិនិយោគលើការសាងសង់ឡសម្ងួតទិន្នផលកសិកម្ម និងកែច្នៃកសិផលមួយចំនួនដូចជា ស្រូវ ស្វាយ ពោត និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសទីបី។
លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ លោក ឆឹន អ៊ូ ដែលកន្លងមកតែងបានជួយសម្របសម្រួលប្រតិភូកម្ពុជា ក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ាន ចាប់តាំងពីឆ្នាំ២០០៤ ដែលបានជួយឲ្យក្រុមហ៊ុនកម្ពុជាភាគច្រើន កាន់តែមានភាពម្ចាស់ការ ក្នុងការស្វែងរកដៃគូអាជីវកម្ម និងពង្រីកទីផ្សារថ្មីៗជាបន្តបន្ទាប់។
សូមជម្រាបថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តក្វាងស៊ី មកកម្ពុជានាពេលនេះ គឺដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់កម្ពុជា ចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី១៥ ដែលនឹងធ្វើឡើងពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ី ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន» ហើយលើកនេះ កម្ពុជាត្រូវធ្វើជាប្រទេសកិត្តិយស បន្ទាប់ពីប្រ៊ុយណេ។
ពិព័រណ៍ចិន អាស៊ាន គឺជាវេទិការប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ លោក វិន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។ ពិពរ័ណនេះ ផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាធុរកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកិច្ចប្រជុំនានាពាក់ព័ន្ធកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាស៊ាន៕