(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងស្វែងរកបន្លែផ្លែឈើ សាច់ ប្រហិត ត្រី គ្រឿងសមុទ្រ និងទំនិញខូចគុណភាព ដែលដាក់លក់នៅក្នុងផ្សារសមាគម ក្រុងប៉ោយប៉ែត ដើម្បីធានា និងការពារដល់សុវត្ថិភាពអ្នកប្រើប្រាស់។
ក្នុងពេលចុះត្រួតពិនិត្យនេះដែរ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលសាខាខេត្តបានថ្លែងថា ដើម្បីថែរក្សា និងការពារ ទៅដល់សុវត្ថិភាព អ្នកបរិភោគចំណីអាហារ មន្ត្រីជំនាញ សាខាកាំកុងត្រូលខេត្ត-ក្រុង និងមន្ត្រីពាក់ព័ន្ធ ចុះទៅដល់ទីតាំងលក់ដូរ របស់អាជីវករផ្សារ និងគេហដ្ឋាន ដើម្បីត្រួតពិនិត្យមើលបន្លែផ្លែឈើ ត្រី សាច់ គុយទាវ ក្រែងមានផ្ទុកនូវសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ជាពិសេសប្រជាពលរដ្ឋទូទៅ មានតម្រូវការច្រើនក្នុងការទិញទំនិញពីផ្សារយកទៅប្រើប្រាស់។
លោកបន្តទៀតថា ប្រសិនបើមន្ត្រីជំនាញពិនិត្យរកឃើញ នូវទំនិញណាមានផ្ទុកនូវសារធាតុគីមី និងហួសកាលបរិច្ឆេទ មន្ត្រីនឹងដកហូតកម្ទេចចោលតែម្តង និងណែនាំឲ្យអាជីវករបញ្ឈប់លក់នូវទំនិញ មានផ្ទុកសារធាតុគីមី ឬខូចគុណភាពហួសកាលបរិច្ឆេទបន្តទៀត។
តែបើក្នុងករណីមន្ត្រីជំនាញ ចុះពិនិត្យ ឃើញអាជីវករដដែល លក់ដូរទំនិញបែបនេះទៀត នឹងមានវិធានការចាត់ការទៅតាមផ្លូវច្បាប់។
លោកប្រធានបញ្ជាក់ថា សាខាកាំកុងត្រូលខេត្តតែងតែចុះត្រួតពិនិត្យយ៉ាងតិចណាស់ ២ដងទៅ ៤ដងក្នុងមួយខែ ទៅលើផ្សារ និងនៅតាមគេហដ្ឋាន ក៏នៅមានការត្រួតពិនិត្យជាហូរហែរ នៅតាមបណ្តាហាងលក់ទំនិញ ផ្សារនៅតាមបណ្តាស្រុកជាប្រចាំ និងបានអប់រំណែនាំដល់អាជីវករទាំងអស់ ត្រូវធ្វើយ៉ាងណាលក់ដូរទំនិញនីមួយៗ ត្រូវគិតគូរឲ្យបានត្រឹមត្រូវចំពោះសុខសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បង។
អាជីវករលក់ដូរ នៅក្នុងផ្សារទាំងអស់ក៏បានសាទរ ក៏ដូចជាមន្ត្រីជំនាញកាំកុងត្រូល ដែលបានចុះពិនិត្យស្វែងរកសារធាតុគីមីលើបន្លែផ្លែឈើ និងទំនិញខូចគុណភាពនៅក្នុងផ្សារ ព្រោះថាបច្ចុប្បន្ននេះ ទំនិញដែលនាំចូលពីក្រៅបរទេស ពួកគាត់មានការព្រួយបារម្ភខ្លាចមានផ្ទុកនូវសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕