(ភ្នំពេញ)៖ លោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល ពីព្រោះគុណភាពអ្នកផ្តល់សេវាសុខាភិបាលជាកត្តាចម្បង ក្នុងចំណោមកត្តាផ្សេងទៀត។
លោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក រៀបចំកិច្ចប្រជុំអន្តរជាតិស្តីពី «ការកែទម្រង់ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ ដោយអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានតំណាងជាន់ខ្ពស់មកពីក្រសួងសុខាភិបាល ក្រសួងអប់រំ គ្រឹះស្ថានសិក្សា និងស្ថាប័ននិយតកម្មវិជ្ជាជីវៈ ក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ុងហ្គោលី និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជាអាទិភាពលើការ កសាងធនធានមនុស្ស ប្រកបដោយគុណភាព ការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល ពីព្រោះគុណភាពអ្នកផ្តល់សេវាសុខាភិបាល ជាកត្តាចម្បង ក្នុងចំណោមកត្តាផ្សេងទៀត ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព»។
ថ្លែងពីសារៈសំខាន់នៃកិច្ចប្រជុំនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត Vivian Lin នាយកផ្នែកប្រព័ន្ធសុខាភិបាល (Division of Health Systems) នៃការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការ សុខភាពពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
លោកសាស្រ្តចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា នៅក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ២០១៤-២០១៨ សាកលវិទ្យាល័យបានប្រឹងប្រែងធ្វើកំណែទម្រង់ ការបណ្តុះបណ្តាល ដោយផ្តោតលើសមត្ថភាពជំនាញជាគោល និងបានធ្វើឱ្យប្រសើរឡើងនូវការងារស្រាវជ្រាវ និងការផ្តល់សេវា។
លោកសាស្រ្តចារ្យ សាផុន វឌ្ឍនៈ បាន«ការប្តេជ្ញាចិត្តចំពោះការគ្របដណ្តប់សុខភាពជាសាកល (UHC) បានបង្កើតជាតម្រូវការជាបន្ទាន់សម្រាប់ ប្រទេសនានាក្នុង ការរៀបចំបុគ្គលិកសុខាភិបាល ដែលមិនត្រឹមតែជាអ្នកមានសមត្ថភាពជំនាញបច្ចេកទេសនោះទេ ប៉ុន្តែក៏ជាអ្នកផ្តល់ការថែទាំ ប្រកបដោយការយកចិត្តទុកដាក់ និងប្រកបដោយក្តីមេត្តា។ នៅក្នុងបរិបទនេះ ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផលិតបុគ្គលិកសុខាភិបាល ដែលអាចបំពេញតម្រូវការ និងការរំពឹងទុករបស់បុគ្គល និងសហគមន៍»។
ជាមួយគ្នានេះលោក សាស្រ្តចារ្យ សាផុន វឌ្ឍនៈ បានបន្តទៀតថា ការប្តេជ្ញាចិត្តនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរ ក្នុងផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលកម្ពុជា ឆ្នាំ២០១៦-២០២០។ គោលបំណងយុទ្ធសាស្រ្តមួយ គឺត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការនូវជំនាញ និងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល នៅក្នុងបរិបទនៃការផ្លាស់ប្តូរប្រជាសាស្ត្រ និងអេពីដេមីសាស្រ្ត។
លោកវេជ្ជបណ្ឌិត Kumanan Rasanathan អ្នកសំរបសំរួលផ្នែកប្រព័ន្ធសុខាភិបាលនៃអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា «បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យធំធេងក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារក្នុងទសវត្សថ្មីៗនេះ និងដោះស្រាយបញ្ហាជំងឺឆ្លង ឥឡូវនេះក្រសួងសុខាភិបាលបានតម្រង់ទិសដៅ និងបង្កើនធនធានមនុស្សសុខាភិបាល ដើម្បីរក្សា និងពន្លឿនវឌ្ឍនភាពនេះស្របពេលដែលការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដូចជាជំងឺមិនឆ្លង ដែលក្នុងនេះ ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលគឺជាគន្លឹះដ៏សំខាន់»៕