(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាក្រុមហ៊ុនឯកជនដំបូងគេ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០១៦ បានរៀបចំបូកសរុបលទ្ធផលហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗនៅក្នុងឆ្នាំសារពើពន្ធ ២០១៧ និង បទបង្ហាញពីផែនការអាជីវកម្មសម្រាប់ឆ្នាំ ២០១៨ ដោយក្នុងកិច្ចប្រជុំនោះតំបន់សេដ្ឋកិច្ចពិសេសដែលឈានមុខគេមួយនេះ បានប្រកាសថា នៅឆ្នាំ២០១៧ ខ្លួនទទួលប្រាក់ចំណេញ១.៦៨លានដុល្លារ កើនឡើង១៦.១៧ភាគរយ។
កិច្ចប្រជុំបូកសរុបលើ លទ្ធផលហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗនៅក្នុងឆ្នាំសារពើពន្ធ ២០១៧ និង បទបង្ហាញពីផែនការអាជីវកម្មសម្រាប់ឆ្នាំ ២០១៨ របស់ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី រៀបចំឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
លោកស្រីឧកញ៉ា លីម ឈីវហូរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចភ្នំពេញបានថ្លែងថា «យើងបានចាប់ផ្ដើមឆ្នាំ ២០១៧ ជាមួយនឹងផែនការច្បាស់លាស់ ក្នុងការរជំរុញការលូតលាស់របស់យើង ប្រកបដោយចីរភាពនាពេលអនាគត។ យើងបានកំណត់ទិសដៅ និងយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាខ្ពស់ ដោយការសង្កត់ធ្ងន់ ទៅលើ អត្ថប្រយោជន៍ប្រកួតប្រជែង ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត»។
លោកស្រីឧកញ៉ាបានបន្ដទៀតថា ក្រុមហ៊ុនបានប្រើយុទ្ធសាស្រ្តទាំងនេះ ជាគោលការណ៍សម្រាប់ប្រតិបត្តិការអាជីវកម្ម និងការត្រួតពិនិត្យជាទៀងទាត់ ដើម្បីធានានូវការសម្រេចបាន គោលដៅរយៈពេលខ្លី និងរយៈពេលវែង។ ជាពិសេសទៅទៀតនោះ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែង ក្នុងការបង្កើន ប្រាក់ចំណូលក្រៅពីការលក់ដី រហូតដល់ ៥០% នៅក្នុងឆ្នាំ ២០២០។
លោកស្រីឧកញ៉ា លីម ឈីវហូរ បានថ្លែងបន្ថែមថា «ជាមួយនឹងយុទ្ធសាស្រ្តហិរញ្ញវត្ថុ ដ៏មានប្រសិទ្ធិភាពនេះ យើងមានបំណងពង្រីកអាជីវកម្ម ដោយការពង្រីកតំបន់សេដ្ឋកិច្ចពិសេស និងបង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីការលក់ដី រាប់បញ្ចូលទាំង ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹក បើកជួលរោងចក្រឬឃ្លាំង សំណង់និងសេវាផ្សេងៗទៀត»។
លោក Fong Nee Wai ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានថ្លែងថា «ប្រាក់ចំណេញរបស់យើង សម្រាប់ឆ្នាំ២០១៧ គឺមានចំនួន១.៦៨ លានដុល្លារ ដែលការចំណេញនេះ បានកើនឡើង ១៦.១៧ភាគរយ ធៀបនឹងឆ្នាំ ២០១៦»។
លោកក៏បានបង្ហាញពីការរីកលូតលាស់ របស់ក្រុមហ៊ុន ដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនជាសម្ព័ន្ធភាពជាច្រើន ក្រោយពីការបោះផ្សាយ លក់ជាសាធារណៈ (IPO) ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមទៀត។ ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំនេះ (AGM) ម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានអនុម័តលើកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៧ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧)។ សេចក្ដីសម្រេចទាំងពីរនេះ ត្រូវបានយល់ស្របដោយមតិភាគច្រើន។
លោក Tanate Piriyothinkul ដែលជាអភិបាលមិនប្រតិបត្តិ ត្រូវបានជ្រើសតាំងជាថ្មី សម្រាប់អាណត្តិពីរឆ្នាំទៀត។ កិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំនេះ ក៏ជាឱកាសដ៏ល្អមួយ សម្រាប់ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដើម្បីបង្ហាញពីផែនការអភិវឌ្ឍ នាពេលអនាគតរបស់ក្រុមហ៊ុន ជាមួយនឹងម្ចាស់ភាគហ៊ុន។ បច្ចុប្បន្នវិស័យអចលនទ្រព្យឧស្សាហកម្ម កំពុងទាក់ទាញវិនិយោគិន ចូលមកក្នុងសេដ្ឋកិច្ចកម្ពុជា ដោយការពង្រីកគំរូអាជីវកម្មរបស់ខ្លួន។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាភិបាល ក៏បានបំភ្លឺពីគម្រោងលំនៅដ្ឋាន ដែលមានឥទ្ធិពលយ៉ាងខ្លាំង ដល់សង្គមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានថ្លែងថា «យើងមានគម្រោងផ្តល់ដីទំហំ ៧ហិកតា ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន ដែលមាន តំលៃសមរម្យ»។
លោកបន្តថា «គោលដៅចម្បងរបស់យើង គឺកម្មករ-កម្មការិនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ បច្ចុប្បន្ននេះ យើងកំពុងរៀបចំ ការប្រកួតប្រជែង លើការរចនាដើម្បីធានាថាយើង នឹងមានការរចនាដ៏ល្អបំផុត។ យើងមានគោលដៅចម្បងក្នុងការកសាងសហគមន៍ ដែលអាចរស់នៅបាន»៕