(ភ្នំពេញ)៖ មេដឹកនាំគណបក្សវ័យក្មេង និងល្បីឈ្មោះមួយរូបនៅកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមដោយស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ និងស្នើចាត់វិធានការចំពោះ មេឃុំ ចៅសង្កាត់នៅតាមមូលដ្ឋាននានា បាននឹងកំពុងធ្វើទុក្ខបុកម្និញដល់ភ្នាក់ងារគណបក្ស យុវជនកម្ពុជារបស់លោក។
លោក ពេជ្រ ស្រស់ បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «សូមលោក ស ខេង ជួយពិនិត្យឡើងវិញចំពោះកិច្ចការងារ មេឃុំ ចៅសង្កាត់ ដែលកំពុងធ្វើ ទុក្ខបុកម្និញដល់ភ្នាក់ងារគណបក្សនយោបាយ ដែលយកលិខិតបញ្ជាក់បេក្ខជនឈរបោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាតិ ដោយមានការរើសអើងពីមេឃុំ និងចៅសង្កាត់យ៉ាងខ្លាំង»។
តាមរយៈសម្តីរបស់លោក ពេជ្រ ស្រស់ បានបញ្ជាក់ឲ្យដឹងថា គណបក្សយុវជនកម្ពុជារបស់លោក រំពឹងនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយសារគោលនយោបាយរបស់គណបក្សលោក បានដាក់ចេញដោយសំដៅលើការកម្ពស់ ផលប្រយោជន៍ជាតិជាធំ និងបម្រើពិតប្រាកដលើសង្គម និងប្រជាជន៕