(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានទទូចអំពាវនាវឲ្យផ្នែកឯកជនទាំងឡាយ ត្រូវចូលរួមក្នុងកិច្ចការមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈកម្លាំងកាយចិត្ត ធនធានហិរញ្ញវត្ថុជាដើម ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក ឬគ្រោះមហន្តរាយផ្សេងៗ។

ការអំពានាវបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ បើកិច្ចប្រជុំផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនដល់ផ្នែកឯកជន មានអាជីវករ តំណាងក្រុមហ៊ុន រោងចក្រ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនប្រមាណ ៣០០នាក់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។

លោក វ៉ី សំណាង បានលើកឡើងថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ ដោយបានបំពេញការងារផ្អែកលើគោលការណ៍គ្រឹះទាំង៧ រួមមាន៖ មនុស្សធម៌ មិនលំអៀង អព្យាក្រឹត ឯករាជ្យភាព សេវាស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោកអភិបាលខេត្តបន្តថា ដោយសារតែមើលឃើញកិច្ចមនុស្សធម៌នេះហើយ ទើបសប្បុរសជនបានគាំទ្រយ៉ាងស្ម័គ្រចំពោះកាកបាទក្រហមកម្ពុជា ហើយថវិកាដែលបានពីសប្បុរសទាំងនោះ ពិតជាបានរួមចំណែកសង្គ្រោះជនរងគ្រោះដោយសារគ្រោះមហន្តរាយ ឬវិបត្តិផ្សេងៗ។ ជាងនេះទៅទៀត វាក៏បានរួមចំណែកដល់ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក លើកកម្ពស់តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

លោកបានបញ្ចាក់ថា បើទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺពុំបានទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ឬជំងឺឆ្លងនានាក៏ពិតមែន តែការផុលផុសក្នុងកិច្ចការមនុស្សធម៌ពីសប្បុរសជន ហាក់មានសន្ទុះកើនឡើងទ្វេដងគួរជាទីមោទនៈខ្លាំងណាស់ ហើយសូមឲ្យវប្បធម៌ចែលរំលែកនេះ បន្តជានិរន្តនៅលើទឹកដីខេត្តកំពង់ស្ពឺផងដែរ៕