(សៀមរាប)៖ ដោយមានការទំនុកបម្រុង ពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងសហការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី២ នៃយន្តការសម្របសម្រួលមូលនិធិសកល សម្រាប់មណ្ឌលតំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក ខាងលិច នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមេសា ឆ្នាំ២០១៨ នេះ។
តំណាងចូលរួមក្នុងកិច្ចប្រជុំ មានប្រតិភូយន្តការសម្របសម្រួល មូលនិធិសកលមកពីប្រទេសនានារួម មាន ៖ ១)កម្ពុជា, ២)កោះឃុក, ៣)ហ្វ៊ីជី, ៤) មីក្រូណេស៊ី, ៥)គិរីបាទី, ៦)ឡាវ, ៧)ម៉ាឡេស៊ី, ៨) ណូរូ, ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ, ១០)ហ្វីលីពីន, ១១)សាម័រ, ១២)សិង្ហបុរី, ១៣)កោះសូឡូម៉ុង, ១៤)វ៉ានូទូ និង១៥)វៀតណាម។ ក្នុងនោះមន្រ្តីពីមូលនិធិសកល និងអង្គការសុខភាពពិភពលោក ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។
យ៉ាងណាមិញ គោលបំណងនៃកិច្ចប្រជុំ មាន៣ចំណុចសំខាន់ៗដូចតទៅ៖
១) ធ្វើជាវេទិកា ដើម្បីពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានទាំងឡាយ ដែលអាចឲ្យការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកមណ្ឌលតំណាង ក្នុងក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល ប្រកបដោយការយល់ដឹង និងមានសារៈសំខាន់។
២) ស្វែងរកចំណុចដែលមានបញ្ហា និងការឆ្លើយតបបានទូលំទូលាយ ដែលអាចដាក់ជូនសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាលរបស់ មូលនិធិសកល។
៣) ពង្រឹងសហគមន៍ មណ្ឌលតំណាងតំបន់ ដោយគោរពតាមនីតិវិធី ឬបទបញ្ជាដែលបានព្រមព្រៀងគ្នា រាប់ទាំងការប្រជុំសមាជិកជាមួយដៃគូ ដោយទៀងទាត់ តាមរបៀបដែលអាចធ្វើបាន និងកែលម្អជានិច្ច។
សូមបញ្ជាក់ថា ជាមួយគ្នានោះ កិច្ចប្រជុំក៏នឹងអនុម័តសមាសភាព ថ្នាក់ដឹកនាំថ្មី នៃមណ្ឌលតំណាងតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ៕