(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាវៀតណាម ដឹកនាំដោយ លោកស្រី Tong Thi Phong សមាជិកការិយាល័យ នយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាអនុប្រធានអចិន្រ្តៃរដ្ឋសភាវៀតណាម នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។ នេះបើតាម សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ផ្តោតជាសំខាន់ គឺការផ្ទេរតំណែងប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនមកសភានៃព្រះរាជាណាចក្រកម្ពុជា។ ពិធីផ្ទេរតំណែង និងប្រគល់ទង់ APPF នេះ នឹងប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតី សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី Tong Thi Phong ដែលតំណាងដោយលោស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម។
បើតាមសេចក្តីជូនដំណឹង, នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់វៀតណាម នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ជួបសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗ មួយចំនួនទៀតរបស់កម្ពុជា ផងដែរ៕