(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះករណីឃាតកម្មមួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ដ (គ្មានផ្លាក់យីយោ) ស្ថិតនៅក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ដោយសមត្ថកិច្ចបានដាក់ការសង្ស័យថា ឃាតកម្មនេះកើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះចំបំពង់ករបណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម។ ព័ត៌មានបឋមពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ បារាំង ភេទប្រុស អាយុប្រមាណ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។
តាមការសន្និដ្ឋានរបស់សម្ថតកិច្ចជំនាញបានបញ្ជាក់ថា៖ ជនរងគ្រោះបានស្លាប់នៅចន្លោះម៉ោងប្រមាណជា ២១៖០០នាទី រាត្រីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨។ តែរហូតដល់ ម៉ោងនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតពីករណីនេះនៅឡើយ ហើយកំពុងបន្តស្រាវជ្រាវ៕