(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ រស់នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលខ្យល់កន្រ្តាក់បំផ្លាញផ្ទះពួកគាត់ចំនួន៤៧ខ្នង កន្លងទៅនោះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ បានទទួលអំណោយពីកាកបាតក្រហមកម្ពុជា ដែលនាំយកទៅប្រគល់ដោយ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត។
លោក សាន ស៊ានហូ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ខណៈដែលពលរដ្ឋ និងភ្ញៀវទូទៅ បានសប្បាយរីករាយលើសឆ្នាំណាៗទាំងអស់ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីឆ្នាំច កន្លងមកនោះ បែរជាពលរដ្ឋខាងលើ ជួបទុក្ខសោកសៅ ដោយសារមានភ្លៀងកក់ខែ លាយឡំនឹងខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះសម្បែងអស់ចំនួន៤៧ខ្នង។ ប៉ុន្តែករណីនេះ មិនបានបង្កឱ្យមនុស្សរងរបួស ឬស្លាប់ទេ។
លោកបានបន្តថា គ្រោះមហន្តរាយ បានបោកបកមកលើសង្កាត់ប៉ោយប៉ែត នៅភូមិទំនប់ក៥ខូចខាតផ្ទះសម្បែងពលរដ្ឋ១២ខ្នង ក្នុងនោះ៣ខ្នងធ្ងន់ធ្ងរដួលរាបនឹងដី ភូមិទទួលប្រាសាទ៣ខ្នង។ សង្កាត់ផ្សារកណ្ដាល ភូមិព្រៃគប់២៤ខ្នង ធ្ងន់៤ខ្នង ភូមិអូរនាង៨ខ្នង ធ្ងន់ធ្ងរដួលរាបដល់ដី។
ចំពោះរឿងនេះ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានសម្តែងការសោកស្ដាយ និងបានចូលរួមរំលែកទុក្ខលំបាក និងការខូចខាតនេះ ហើយបានផ្តល់កម្លាំងចិត្តឱ្យប្រជាពលរដ្ឋរងគ្រោះ តស៊ូខិតខំងើបកសាងជីវភាពរបស់ខ្លួនឡើងវិញ។
លោក លី សារី ក៏បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ដែលបានផ្តល់អំណោយជាស័ង្កសី សម្ភារ:សាងសង់ និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះភ្លាមៗ ជាមួយមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីក្រុមការងារខេត្ត-ស្រុក-ឃុំ។ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រី កងកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត-ស្រុក និងកម្លាំងប្រតិបត្តិកាសិករងស្រុក ដែលបានបញ្ជូនកម្លាំងចុះជួយជួសជុលផ្ទះ ជូនពលរដ្ឋរងគ្រោះភ្លាមៗកន្លងទៅផងដែរ។
អំណោយកាកបាតក្រហម ដែលនាំមកចែកជូនពលរដ្ឋចំនួន៤៧គ្រួសារនោះ គឺក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេសតូច, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ប្រេងឆា១លីត្រ, សាប៊ូម្សៅ១គីឡូក្រាម, ភួយ១, មុង១, សារ៉ុង១, ក្រមា១, ប្លាស្ទិច១ផ្ទាំងសម្រាប់គ្រួសារ រងគ្រោះធ្ងន់ធ្ងរ៕