(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១១មក ចំនួនករណីអ្នកឈឺដោយគ្រុនចាញ់ ត្រូវបានកាត់បន្ថយពី៦២,៥៨០នាក់ មកនៅត្រឹម៣៦,៤៥៦នាក់ និងចំនួនអ្នកស្លាប់ បានកាត់បន្ថយពី៩៣នាក់ មកនៅត្រឹមម្នាក់គត់។
នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រជាជនទូទាំងពិភពលោក នាឱកាសប្រារព្ធពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ថ្ងៃ២៥ ខែមេសា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។
សារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាលតាមប្រភពរបាយការណ៍ប្រចាំឆ្នាំ ក្នុងសេវាសុខាភិបាលសាធារណៈ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ពីឆ្នាំ២០១១-២០២៥ ចំនួនករណីអ្នកឈឺត្រូវបានកាត់បន្ថយពី៦២,៥៨០នាក់ មកនៅត្រឹម៣៦,៤៥៦នាក់ និងចំនួនអ្នកស្លាប់បានកាត់បន្ថយពី៩៣នាក់ មកនៅត្រឹមម្នាក់ បានន័យថា អត្រាអ្នកស្លាប់ក្នុងចំណោមមនុស្ស១០០,០០០នាក់ បានថយចុះពី០,៦៥នាក់ មកនៅត្រឹម០,០០៦នាក់ ដែលជាលទ្ធផលជោគជ័យមុនគោលដៅគ្រោងទុក ឆ្នាំ២០១៩»។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ទោះយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់នឹងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថាជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរមួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឱ្យអស់ពីខ្លួនមនុស្សគ្រប់ៗរូបនោះទេ សត្វមូសដែកគោលញី ដែលបន្តមាននៅក្នុងព្រៃ និងតំបន់ជុំវិញនៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងសហគមន៍មួយទៅសហគមន៍មួយដដែល។
ស្របតាមស្នារតីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែបានផ្តល់លទ្ធភាព និងការលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឱ្យបានតាមផែនការកំណត់។
សម្តេចក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើចំណុចទាំងនេះ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ឱ្យសមស្របនៅនឹងតម្លៃប្រទេសជាតិ ដែលកំពុងមានអំណោយផលនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម៕