(កែប)៖ «ប៉មចម្រោះទឹកស្អាត» ចំនួនពីរ ដែលមួយស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង មានទីតាំងក្នុងស្រុកដំណាក់ចង្អើរ និងមួយទៀតស្ថិតនៅក្នុង សាលាមឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប មានទីតាំងស្ថិតក្នុងក្រុងកែប ខេត្តកែប ជាអំណោយរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា-កូឡា សហការជាមួយអង្គការមូលនិធិ Planet Water ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកែប នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណសាលាទាំងពីរខាងលើ។
លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងស្វាគមន៍ ដោយបានចូលរួមអបអរសាទរក្រៃលែង ចំពោះលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជាជូនលោក ជាកិត្តិសេដ្ឋាបណ្ឌិត ចំពោះគុណបំណាច់ដ៏ឧត្តុងឧត្តម ក្នុងកិច្ចការបម្រើជាតិ និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៅកម្ពុជា។ ជាក់ស្តែងនៅក្នុងខេត្តកែបនេះ ក្នុងនាមលោកទេសរដ្ឋមន្ត្រី ជាប្រធានក្រុមការងារចុះជួយខេត្តកែប លោកបានចង្អុលបង្ហាញ ណែនាំ និងចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យ៉ាងសស្រាក់សស្រាំ ធ្វើឲ្យខេត្តកែប មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ទាក់ទាញបានភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សានាយ៉ាងច្រើនកុះករ។ ជាសក្ខីភាព ប៉មចម្រោះទឹកស្អាតនេះ ក៏ជាផ្នែកមួយនៃការខិតខំ របស់លោកទេសរដ្ឋមន្ត្រី ក្នុងការគៀរគរជំនួយ មកអភិវឌ្ឍក្នុងទឹកដីខេត្តកែបនេះ ផងដែរ។
លោក ដេវីដ វីងហ្គល់វើត នាយកប្រតិបត្តិក្រុមហ៊ុន ភេសេជ្ជៈកម្ពុជា កូកា-កូឡា ក៏បានថ្លែងអបអរសាទរ ចំពោះភាពស័ក្តិសម និងការទទួលបាន គោរមងារកិត្តិយស ជាកិត្តិសេដ្ឋាបណ្ឌិត របស់លោកទេសរដ្ឋមន្ត្រី ផងដែរ។ លោកបានបង្ហាញការពេញចិត្ត ចំពោះការងារមនុស្សធម៌នេះ គឺធ្វើតាមការអំពាវនាវរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដើម្បីឲ្យសិស្សានុសិស្ស នៅតំបន់មាត់សមុទ្រមួយនេះ ទទួលបានទឹកស្អាតប្រើប្រាស់ ក្នុងសាលាពួកគេតែម្តង។ លោកបន្ថែមថា ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិ Planet Water យើងបានអនុវត្តមកដល់ទឹកដីខេត្តកែប ឈានដល់គម្រោងទី១២ហើយ ដែលកាលពីឆ្នាំ២០១៧ បានអនុវត្តចំនួន០៧ គម្រោង ដោយមួយគម្រោង ចំណាយអស់ថវិកាប្រមាណជាង១ម៉ឺនដុល្លាអាមេរិក។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងមូលនិធិ Planet Water ដែលបានអនុវត្តគម្រោងនេះនៅកម្ពុជា ជាចំណែកមួយយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាត ដែលមិនមានមេរោគឆ្លង ជាពិសេសសម្រាប់តំបន់ ដាច់ស្រយ៉ាលខ្វះខាតទឹក និងតំបន់មាត់សមុទ្រ ដូចជាខេត្តកែបនេះជាដើម។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ នៃការប្រើប្រាស់ទឹកស្អាត ជាពិសេសក្មួយៗជាសិស្សានុសិស្ស ត្រូវការចាំបាច់ណាស់នូវសុខភាពល្អបរិបូរណ៍ ដើម្បីការរៀនសូត្របានពូកែ ជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិនាថ្ងៃអនាគត។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងរដ្ឋបាលខេត្តកែប បានសន្យាថា សិស្សនៃវិទ្យាល័យខេត្តកែបទាំងអស់ បើប្រឡងសញ្ញាបត្របាក់ឌុប ជាប់និទ្ទេស A នឹងទទួលបានម៉ូតូថ្មីមួយគ្រឿង និងទឹកប្រាក់៥០០ ដុល្លារអាមេរិក ហើយលោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្សនិទ្ទេស A នោះ ក៏ទទួលបានម៉ូតូថ្មីមួយគ្រឿង ផងដែរ។
ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តាំផ្ញើឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំថែរក្សាអំណោយជាសម្បត្តិរួមនេះ ហើយបន្ទាប់ពីផឹកទឹក និងលាងសម្អាតដៃហើយ ក្មួយៗអាចយកដប ឬប៊ីដុង ច្រកយកទៅប្រើប្រាស់នៅផ្ទះបានថែមទៀត ពីព្រោះសមត្ថភាពម៉ាស៊ីនចម្រោះនេះ អាចផលិតទឹកបាន ១.៥០០លីត្រ ក្នុងមួយម៉ោង៕