(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការប្រតិបតិ្តលើការរស់នៅស្អាត។
នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រជាជនទូទាំងពិភពលោក នាឱកាសប្រារព្ធពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ២៥ ខែមេសា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលនឹងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបតិ្តលើការរស់នៅស្អាត»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយយើងមិនអាចមើលរំលងបានឡើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ដូច្នេះ ទិវាគ្រុញចាញ់ក្រុមប្រធានបទ «ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់» នេះសមស្របនឹងដំណើរវិវត្តិនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងពង្រីកការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលប្រឈមនឹងអត្រាឈឺ ស្លាប់ដោយជំងឺគ្រុនចាញ់នៅឡើង។ លើសពិនេះទៀតកម្ពុជាក៏បានបង្កើតផែនការយុទ្ធសាស្ត្រជាត់លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែង ដើម្បីឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេស៕