(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខលើកញ្ចក់ទូរទស្សន៍ PNN អស់មួយរយៈ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគព្រឹត្តិការណ៍អន្ដរជាតិដ៏ល្បីល្បាញ កំពុងតែត្រៀមចេញផ្សាយសៀវភៅថ្មី ស្ដីពីភូមិសាស្ត្រនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក នៅក្នុងខែឧសភាខាងមុខ។ បើតាមអ្នកនិពន្ធ សៀវភៅថ្មី ដែលមានកម្រាស់ជាង២០០ទំព័រនេះ នឹងពន្យល់អ្នកអានយ៉ាងស៊ីជម្រៅ អំពីអតីតកាលនិងបច្ចុប្បន្នកាលរបស់អាស៊ី។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ពន្យល់ថា មូលហេតុដែលលោកសិក្សានិងសរសេរសៀវភៅពីតំបន់អាស៊ី ព្រោះសព្វថ្ងៃនេះ អាស៊ីជាតំបន់មួយដ៏សំខាន់ ជាតំបន់ពហុប៉ូល នៅក្នុងពិភពលោកមួយពហុប៉ូល៖ មានប៉ូលចិនដែលជាមហាយក្ស, មានប៉ូលជប៉ុនដែលក្នុងគ្រានេះជាយក្សសេដ្ឋកិច្ចតែជាកន្តឿនយោបាយ, មានប៉ូលឥណ្ឌាដែលជាយក្ស ទើបងើបពីដំណេក, មានប៉ូលអាស៊ានដែលមិនមែនជាកម្លាំងនយោបាយនិងយោធាសោះ តែទាក់ទាញដូចដែកឆក់ពួកមហាអំណាចតំបន់ និងពួកមហាអំណាចពិភពលោក។ ប៉ូលទាំងបួននេះប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញ រហូតដល់បង្កឱ្យមានជាចំណុចតានតឹង និងជាចំណុចក្តៅគគុក។

នៅក្នុងសៀវភៅថ្មី ក្រោមចំណងជើងថា «អាស៊ីប៉ាស៊ីហ្វិក៖ បេះដូងនៃពិភពលោកសតវត្សទី២១» លោក ហ្សង់-ហ្វ្រង់ស័រ តាន់ នឹងពន្យល់យ៉ាងលម្អិតអំពីប៉ូលទាំង៤នេះ។ លើសពីនេះ ក៏មានផងដែរ ជំពូកពិសេសស្ដីពីកម្ពុជា។ នៅក្នុងភូមិសាស្ត្រនយោបាយអាស៊ី តើកម្ពុជាជាអ្វីសម្រាប់ពពួកមហាអំណាចពិភពលោក ដូចជា ចិន ជប៉ុន អាមេរិក រុស្ស៊ី និងបារាំងជាដើម។

គួរជម្រាបជូនថា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ដែលបច្ចុប្បន្នជានាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្ដរជាតិ RFI នៅភ្នំពេញ ជាអ្នកជំនាញភូមិសាស្ត្រនយោបាយម្នាក់ ដ៏ល្បីល្បាញ។ លោកវិភាគបញ្ហាពិភពលោកតាមរលកធាតុអាកាសនៃវិទ្យុបារាំងជាច្រើនឆ្នាំកន្លងមកហើយ និងធ្លាប់បម្រើការងារជាអ្នកវិភាគនយោបាយអន្ដរជាតិនៅទូរទស្សន៍ PNN រហូតដល់ឆ្នាំ២០១៧។ លោកបានបោះពុម្ពផ្សាយសៀវភៅដំបូងរបស់ខ្លួនគឺ មហាយក្សចិន នៅឆ្នាំ២០១២។ និងក្រោយមក សៀវភៅ ចម្បាំងត្រជាក់រវាងអាមេរិកនិងចិន នៅឆ្នាំ២០១៤៕