(ព្រៃវែង)៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញពីគោលបំណងនៃការផលិតទូក-ង ដោយចាំងឈើទាំងមូលឲ្យក្លាយទៅជាទូកដ៏អស្ចារ្យ ដើម្បីបំបែកឯតទគ្គកម្មពិភពលលោក។
តំណាងរាស្ដ្រ ស សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ពិសេសយុវជន យុវនារី ចូលរួមបំបែកឯតទគ្គកម្មមួយនេះទាំងអស់គ្នា ឲ្យបានជោគជ័យ នៅមុខសាលាខេត្តព្រៃវែង (ចុងប៉ម) ស្របតាមពាក្យស្លោកថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ»។
បើតាមលោក ស សុខា គោលបំណងសំខាន់ៗ នៃការផលិតទូក-ង ដូចខាងក្រោម៖
*រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និងការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នារព្រះហស្ថ របស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី
*ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នារដៃដ៏អស្ចារ្យមួយ
*ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា
*ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំងអាចផលិតបានអ្វី ដែលអស្ចារ្យជាងគេលើពិភពលោក
*ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយ:ការកសាងទូក ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ
*ដើម្បីបណ្តុះឆន្ទ:កូនខ្មែរយើងឲ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យសម្រាប់ខ្មែរលើឆាកអន្តរជាតិ ចៀសវាងការយកពេលវេលាមានតំលៃ ទៅសេពគ្រឿងញៀន គ្រឿងស្រវឹង បង្ហោះម៉ូតូ និងក្មេងទំនើងជាដើម៕